(ញូវដែលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅឯប្រទេសឥណ្ឌា បានរាយការណ៍ថា សាលារៀនយ៉ាងហោច៤០កន្លែង នៅតំបន់រដ្ឋធានី Delhi បានទទួលរង ការគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមរយៈសារអ៉ីម៉ែល ខណៈក្រុមមន្រ្តីប៉ូលិស បានបើកប្រតិបត្តិការឆែកឆេរតាមបរិវេណសាលាទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។
សាលារៀនចំនួន២កន្លែងដំបូង ទទួលបានសារអ៉ីម៉ែលគំរាមកំហែងបែបនោះ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយនៅថ្ងៃចន្ទនេះ សាលាជាច្រើនកន្លែងទៀត ក៏បានទទួលរងការគំរាមដូចគ្នា ជាហេតុបង្ខំឱ្យអ្នកគ្រប់គ្រងសាលា សម្រេចហៅឱ្យឪពុកម្តាយ មកយកកូនសិស្សត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ សាលារៀនជាង៥០កន្លែង ក្នុងតំបន់រដ្ឋធានី Delhi និងទីក្រុង Noida ដែលនៅជាប់គ្នា ក៏ធ្លាប់ទទួលបាន សារអ៉ីម៉ែលគំរាមបំផ្ទុះគ្រាប់បែក ស្រដៀងគ្នាដែរ ដែលក្រោយមក ត្រូវបានរកឃើញថា គឺជារឿងក្លែងក្លាយ។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន នៅប្រទេសឥណ្ឌា គិតចាប់តាំងពីដើមឆ្នាំនេះ រហូតដល់ពាក់កណ្តាលខែវិច្ឆិកា គឺទទួលបានសារឆបោកគំរាមបំផ្ទុះគ្រាប់បែក សរុបជិត១០០០លើក ហើយអំឡុងរយៈពេលនេះ គឺមនុស្ស១២នាក់ ត្រូវបានឃាត់ខ្លួន៕