(តៃប៉ិ)៖ យោធាតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយ និងបានបង្កើនកម្រិតនៃការប្រុងប្រយ័ត្នរបស់ខ្លួន ក្រោយមើលឃើញថា ចិនបានដាក់ដែនអាកាស នៅជាប់ឆ្នេរភាគខាងកើត ក្រោមការរឹតត្បិតជាបណ្តោះអាសន្ន ហើយបានចល័តនាវាកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រ មកកាន់ដែនទឹកក្បែរកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា ចិនបានដាក់តំបន់សរុបចំនួន៧ នៃដែនអាកាស នៅភាគខាងកើតនៃខេត្ត Fujian និងខេត្ត Zhejiang ជាតំបន់បម្រុងទុកពិសេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធសប្តាហ៍នេះ។ តៃវ៉ាន់សង្ស័យថា ចិនគ្រោងនឹងចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះខ្លួន ដ្បិតទីក្រុងប៉េកាំង ត្រូវបានរំពឹងរួចហើយថា នឹងធ្វើយ៉ាងដូច្នោះ ដើម្បីឆ្លើយតបដំណើរទស្សនកិច្ចរបស់ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te កាលពីសប្តាហ៍មុន នៅប៉ាស៉ីហ្វិក ដែលរួមមាន ការឈប់សំចតនៅកោះហ្កាំ និងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ជាសកម្មភាពដែលចិនមិនពេញចិត្តជាខ្លាំង។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យោធាតៃវ៉ាន់ ត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ នៅតាមកន្លែងយុទ្ធសាស្រ្តសំខាន់ៗ ហើយកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រតៃវ៉ាន់ កំពុងឃ្លាំមើលយ៉ាងដិតដល់ ចំពោះសកម្មភាពយោធារបស់ចិន។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា សកម្មភាពបង្កហេតុឯកតោភាគី អាចបំផ្លាញសន្តិភាពនិងស្ថិរភាព នៅឥណ្ឌូប៉ាស៉ីហ្វិក ហើយនឹងមិនត្រូវបានស្វាគមន៍ ដោយសហគមន៍អន្តរជាតិឡើយ។
គួរបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលទីក្រុងតៃប៉ិមិនទទួលស្គាល់ក្តី កោះតៃវ៉ាន់ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាត នៃទឹកដីរបស់ប្រទេសចិន។ ចិនបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយ ទោះបីត្រូវប្រើជម្រើសកម្លាំងយោធាក៏ដោយ ប្រសិនបើចាំបាច់៕