(សេអ៊ូល)៖ មេបញ្ជាការកងកម្លាំងពិសេសរបស់កូរ៉េខាងត្បូង ដែលបានសម្រុកចូលរដ្ឋសភា កាលពីសប្តាហ៍មុន ក្រោយការប្រកាសច្បាប់អាជ្ញាសឹកមួយរយៈពេលខ្លី បាននិយាយនៅថ្ងៃចន្ទថា លោកត្រូវបានបញ្ជាឱ្យរារាំងសមាជិកសភា មិនឱ្យចូលក្នុងសភា ដើម្បីបោះឆ្នោតដកច្បាប់អាជ្ញាសឹកចេញវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០២៤។

លោក Kim Hyun-tae មេបញ្ជាការអង្គភាព 707th Special Missions Group ប្រាប់អ្នកយកព័ត៌មានថា លោកទទួលខុសត្រូវទាំងស្រុង ចំពោះសកម្មភាពកងទ័ពរបស់លោក នៅឯសភាកាលពីថ្ងៃនោះ ប៉ុន្តែបាននិយាយថា លោកធ្វើតាមបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិ។ លោកបញ្ជាក់ថា «ពួកយើងសុទ្ធតែជាជនរងគ្រោះ ដែលត្រូវបានប្រើប្រាស់ ដោយអតីតរដ្ឋមន្រ្តីការពារជាតិ Kim Yong-hyun។ ទ័ពក្នុងអង្គភាពរបស់លោកមិនមានកំហុសទេ។ កំហុសតែមួយគត់របស់ពួកគេ គឺធ្វើតាមបទបញ្ជាមេរបស់ពួកគេ»

គួរបញ្ជាក់ថា លោក Kim Yong-hyun អតីតរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ ជុំវិញតួនាទីរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹក និងការដាក់បទបញ្ជាឱ្យចល័តទ័ពទៅកាន់សភា។ សភាកូរ៉េខាងត្បូង ដែលសមាជិកគណបក្សប្រឆាំងមានសំឡេងភាគច្រើន បានរៀបចំការបោះឆ្នោតទម្លាក់ប្រធានាធិបតី លោក Yoon Suk Yeol កាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែបានបរាជ័យ ដោយសារតែសមាជិកបក្សកាន់អំណាចធ្វើពហិការ។

ទោះជាលោក Yoon បានរួចផុតមួយគ្រាពីការបោះឆ្នោទម្លាក់ Democratic Party ដែលបក្សប្រឆាំងដ៏​សំខាន់បាននិយាយ​ថា ពួកគេនឹង​លើក​សំណើ​នីតិវិធីចោទប្រកាន់ដកតំណែង លោក Yoon ជាថ្មី​ទៀត​។ តាមលោក លោក Han Dong-hoon មេដឹកនាំគណបក្សកាន់អំណាច People Power លោក Yoon នឹងត្រូវបានដកចេញពីកិច្ចការបរទេស និងកិច្ចការរដ្ឋផ្សេងទៀត ហើយគណបក្ស និងលោកនាយករដ្ឋមន្ត្រី Han Duck-soo ត្រូវមកគ្រប់គ្រងកិច្ចការរដ្ឋាភិបាលបណ្តោះអាសន្ន៕