(ហ៊្សេរុយសាឡិម)៖ លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៉ីស្រាអែល ចាប់យកតំបន់ទ្រនាប់នៅតាមព្រំដែនជាមួយស៉ីរី បន្ទាប់ពីរបបលោក Bashar al-Assad ដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០២៤។
លោក Netanyahu និយាយថា «កិច្ចព្រមព្រៀងផ្តាច់ទំនាក់ទំនង» ដែលមានអាយុកាល ៥០ឆ្នាំរវាងប្រទេសទាំងពីរ បានដួលរលំហើយ ហើយកងកម្លាំងស៉ីរីជាអ្នកបោះចោលតួនាទីខ្លួនឯង។ លោកគូសបញ្ជាក់ថា «ខ្ញុំបានដឹកនាំកងកម្លាំង IDF កាលពីម្សិលមិញ ទៅចាប់យកតំបន់ទ្រនាប់ និងទីតាំងបញ្ជាការនៅក្បែរនោះ។ យើងនឹងមិនអនុញ្ញាតឲ្យកម្លាំងអរិភាពណាមួយបង្កើតខ្លួន នៅព្រំដែនរបស់យើងឡើយ»។ តាមសេចក្តីថ្លែងការណ៍របស់យោធាអ៉ីស្រាអែល «IDF បានដាក់ពង្រាយកងកម្លាំងក្នុងតំបន់ទ្រនាប់ និងកន្លែងផ្សេងទៀត ដែលជាការចាំបាច់សម្រាប់ការការពារខ្លួន និងធានាសុវត្ថិភាពសហគមន៍ Golan Heights រួមទាំងពលរដ្ឋអ៉ីស្រាអែល។ កងកម្លាំងនឹងបន្តប្រតិបត្តិការដរាបណាចាំបាច់ ដើម្បីរក្សាតំបន់នេះ»។
គួរបញ្ជាក់ថា Golan Heights ជាតំបន់ក្រៅទឹកដីរបស់អ៉ីស្រាអែល នៅក្នុងប្រទេសស៉ីរី។ ក្រោយសង្រ្គាម ៦ថ្ងៃ ឆ្នាំ ១៩៦៧ ផ្នែកខាងលិចនៃខ្ពង់រាប Golan ត្រូវបានកាន់កាប់ដោយអ៉ីស្រាអែល រីឯផ្នែកខាងកើតស្ថិតក្រោមការគ្រប់គ្រងរបស់ស៉ីរី។ មុនពេលរបបរដ្ឋាភិបាលស៉ីរីដួលរលំ អ៉ីស្រាអែលបាននិយាយហើយថា ទាហានរបស់ខ្លួនត្រូវចូលទៅក្នុងតំបន់ទ្រនាប់ ត្រួតត្រាដោយអង្គការសហប្រជាជាតិ ដើម្បីជួយដល់កងរក្សាសន្តិភាព ទប់ទល់នឹងការវាយប្រហារមួយណាមួយពីក្រុមឧទ្ទាម៕