(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានរាយការណ៍ថារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ក្រោមការចោទប្រកាន់ថាលោកបានចូលរួមក្នុងការប៉ុនប៉ងប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol។

លោក Kim Yong-hyun ត្រូវបានគេជឿថាជាមនុស្សដ៏សំខាន់ដែលបានផ្ដល់យោបល់ឱ្យលោក Yoon ប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្ដាហ៍មុន។ លោក Kim ក៏បាន លាលែងចេញពីតំណែងរួចហើយដែរ។ ដោយឡែក បើតាម Yonhap រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតលើលោក Kim រួមទាំងលោក Yoon និងមេបញ្ជាការកូរ៉េខាងត្បូងម្នាក់ ទៀតគឺលោក Park An-su ក្រោមបទចោទប្រកាន់បះបោរ។ Yonhap បានឱ្យដឹងទៀតថារដ្ឋអាជ្ញាបានចុះឆែកឆេរផ្ទះរបស់លោក Kim ហើយថែមទាំងបានហាមរូបលោកមិនឱ្យចាកចេញពី ប្រទេសទៀតផង។

គួរបញ្ជាក់ថា លោក Yoon ដែលបានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារសប្ដាហ៍មុន និងដកចេញច្បាប់នេះវិញនៅប៉ុន្មានម៉ោងក្រោយ បានរួចផុតពីការបោះឆ្នោតចោទ ប្រកាន់ដកតំណែងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសមាជិសភាមកពីគណបក្សកាន់អំណាចរបស់លោកពហិការការបោះឆ្នោតនេះ។ ប៉ុន្តែ គណបក្សប្រឆាំងបានអះអាងថា ពួកគេនឹងស្នើឱ្យមានការរៀបចំការបោះឆ្នោតនេះជាលើកទី២៕