(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាប្រធានាធិបតីស៊ីរីដែលត្រូវបានទម្លាក់ចេញពីអំណាច លោក Bashar al-Assad មិនដែលបានស្នើសុំជំនួយពីទីក្រុងតេហេរ៉ង់ ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមស៊ីរីដែលបានចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស និងបិទបញ្ចប់ការដឹកនាំដោយត្រកូលគ្រួសារលោក Assad ជាង៥០ឆ្នាំមកនេះ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ លោក Araghchi បានគូសបញ្ជាក់ដូច្នេះថា «យើងមិនដែលបានទទួលការស្នើសុំជំនួយនោះទេ»។ លោកបន្ថែមថាវាជាគឺជាភារកិច្ចរបស់ កងទ័ពស៊ីរី ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមដែលបានផ្ដួលរំលំរបបដឹកនាំលោក Assad កាលពីថ្ងៃអាទិត្យ។ អ៉ីរ៉ង់គឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់លោក Assad អំឡុង សង្រ្គាមស៊ីវិលស៊ីរី។

គួរបញ្ជាក់ថា លោក Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី ក្រោយក្រុមឧទ្ទាមវាយលុកលឿនដូចផ្លេកបន្ទោរចូលគ្រប់គ្រងរដ្ឋធានីដាម៉ាសកាលពីថ្ងៃអាទិត្យ ដោយប្រើពេលត្រឹម ១១ថ្ងៃ ដើម្បីបិទបញ្ចប់របបដឹកនាំដោយគ្រួសារលោក Assad អស់រយៈពេលជាង៥០ឆ្នាំមកនេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក Assad និងក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្នុង ទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៉ីយល់ព្រមផ្ដល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌៕