អ៊ុយក្រែន ថាការដួលរលំនៃរបបលោក Assad បង្ហាញពីភាពទន់ខ្សោយរបស់រុស្ស៉ី (Video inside)
09-12-2024 09:51
(Reuters)៖ ក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាការដួលរលំនៃរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបង្ហាញពីភាពទន់ខ្សោយរបស់រុស្ស៉ី និងអសមត្ថភាពដើម្បីធ្វើសង្រ្គាមនៅសមរភូមិ២ ក្នុងពេលតែមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រុស្ស៉ីគឺជាអ្នកគាំទ្រដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលលោក Assad តាមរយៈការដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងរបស់ក្រុមឧទ្ទាមស៊ីរីចាប់តាំងពីឆ្នាំ២០១៥ ហើយបានដាក់មូលដ្ឋានទ័ពចំនួន២ នៅលើទឹកដីស៊ីរី។ ប៉ុន្តែ សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង ៣៣ខែមកនេះ បានធ្វើឱ្យរុស្ស៉ីសន្សំសំចៃធនធានសម្រាប់ខ្លួនឯង ដោយមិនអាចបែងចែកធនធានគ្រប់គ្រាន់ទៅជួយរបបលោក Assad នោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ព្រឹត្តិការណ៍នៅស៊ីរី បានបង្ហាញពីភាពទន់ខ្សោយនៃរបបរបស់លោក ពូទីន ដែលគ្មានសមត្ថភាពក្នុងការធ្វើសង្រ្គាម នៅសមរភូមិ២ ក្នុងពេលតែមួយ ហើយបានបោះចោលសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន ដើម្បីអាចបន្តធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន»។
គួរបញ្ជាក់ថា រុស្ស៉ី កាលពីថ្ងៃអាទិត្យ បានទទួលស្គាល់ថាអតីតប្រធានាធិបតីស៊ីរី លោក Assad និងក្រុមគ្រួសារកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរត់ភៀសខ្លួនចេញពីស៊ីរី ក្រោយក្រុមឧទ្ទាមវាយចូល កាន់កាប់រដ្ឋធានីដាម៉ាស៕