(ដាម៉ាស)៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតាមអាកាសឃ្លាំងអាវុធនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់រដ្ឋធានីដាម៉ាស (Damascus) ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមពីការដណ្តើមយកអាវុធទាំងនោះ។ នេះបើយោងតាម ការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu។

ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានវាយយកទីក្រុង Damascus និងបង្ខំឱ្យប្រធានាធិបតី Bashar al-Assad ភៀសខ្លួនចេញពីប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារនេះមានគោលដៅបំផ្លាញឃ្លាំងអាវុធ និងមីស៊ីល ដើម្បីការពារកុំឱ្យក្រុមឧទ្ទាម ប្រើប្រាស់វាប្រឆាំងនឹងអ៊ីស្រាអែល។

«យើងបានវាយប្រហារឃ្លាំងរំសេវនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់អាកាសយានដ្ឋាន Damascus ដោយសារមានការភ័យខ្លាចថាពួកគេអាចធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមប្រដាប់អាវុធ និងបក្សពួកក្នុងតំបន់... អ៊ីស្រាអែលកំពុងធ្វើការដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមាន និងទប់ស្កាត់ការខូចខាតណាមួយចំពោះឧត្តមភាពដែនអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី»។ នេះបើយោងតាមសម្តីរបស់មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់ ដែលបានប្រាប់ទូរទស្សន៍ KAN៕