(បេរូត)៖ ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានប្រកាសថារដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតី Bashar al-Assad បានដួលរលំហើយ ដែលនេះជាការបិទបញ្ចប់ការដឹកនាំប្រទេសដោយគ្រួសារលោក Assad អស់រយៈពេលជាង៥០ឆ្នាំមកនេះ។ លោក Assad ក៏ត្រូវបានរាយការណ៍ដែរថាបានរត់ចាកចេញពីប្រទេសស៊ីរីហើយ។ «ជនផ្ដាច់ការ Bashar al-Assad បានរត់ចេញពីប្រទេស ហើយយើងសូមប្រកាសពីការរំដោះទីក្រុង ដាម៉ាស»។ នេះជាការប្រកាសរបស់ក្រុមឧទ្ទាមស៊ីរីដោយបន្ថែមទៀតថា «នៅបន្ទាប់ពីរយៈពេល៥០ឆ្នាំ នៃការគាបសង្កត់ពីរបបដឹកនាំដោយគណបក្ស Baath (គណបក្សរបស់លោក Bashar al-Assad) និង១៣ឆ្នាំ នៃការប្រព្រឹត្តឧក្រិដ្ឋកម្ម អំពើផ្ដាច់ការ និងការបង្ខំឱ្យប្រជាជនភៀសខ្លួន...យើងសូមប្រកាសនៅថ្ងៃនេះពីការបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត ហើយចាប់ផ្ដើមនៃសករាជថ្មីមួយសម្រាប់ស៊ីរី»

ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman ក៏បានទទួលស្គាល់ផងដែរថាលោក Assad បានចាកចេញពីប្រទេសស៊ីរី ដោយឡើងជិះយន្តហោះ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាននេះ។ ការដួលរលំរបស់របបលោក Assad កើតមានឡើង ក្រោយកងទ័ពស៊ីរីបានបាត់បង់ទីក្រុងជាបន្តបន្ទាប់ដូចជា Aleppo, Hama Homs, Daraa, Quneitra និងទីក្រុង Suwayda នៅចំពោះមុខការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរីដែលបានចំណាយពេលត្រឹម ១០ថ្ងៃប៉ុណ្ណោះដើម្បីវាយចូលកាន់កាប់រដ្ឋធានីដាម៉ាស។ កងទ័ពស៊ីរីបានរត់ចោលទីតាំងរបស់ ខ្លួន នៅជាយរដ្ឋធានីដាម៉ាស កាលពីយប់ថ្ងៃសៅរ៍ ទី៧ ខែធ្នូ ដោយមិនបានតស៊ូប្រយុទ្ធជាមួយពួកឧទ្ទាមឡើយ។​

* ប៉ុន្តែ ហេតុអ្វីបានជារបបដឹកនាំស៊ីរីដែលមានរុស្ស៉ី អ៉ីរ៉ង់ និងហេសបូឡាជាខ្នងបង្អែក ដួលរលំយ៉ាងទាន់ហន់បែបនេះ?

​ក្នុងសង្រ្គាមស៊ីវិលស៊ីរីចន្លោះពីឆ្នាំ២០១១ និង២០១៦ របបដឹកនាំលោក Assad បានទទួលជ័យជម្នះ និងបានគ្រប់ទឹកដីស៊ីរីមួយភាគធំ ក្រោមការជួយជ្រោមជ្រែងពីរុស្ស៉ី អ៉ីរ៉ង់ ហេសបូឡា និងកងជីវពលនិកាយស៊ីអ៊ីត នៅក្នុងតំបន់ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។ ប៉ុន្តែ បច្ចុប្បន្ន រុស្ស៉ី អ៉ីរ៉ង់ និងហេសបូឡា ដែលសុទ្ធសឹកជាអ្នកគាំទ្រដ៏សំខាន់មិនខ្វះបានរបស់លោក Assad កំពុងជាប់រវល់នឹងការងាររបស់ខ្លួនឯងរៀងៗខ្លួន។ រុស្ស៉ី កំពុងជាប់ដៃ នៅក្នុងដំណាក់កាលដ៏សំខាន់នៃសង្រ្គាមនៅអ៊ុយក្រែន រីឯហេសបូឡាកំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីស្រាអែល ហើយទោះឥលូវមានបទឈប់បាញ់ក៏ដោយ ក៏ពួកគេមិនអាចបញ្ជូនកងទ័ព ឬអាវុធទៅជួយរបបស៊ីរី ទាន់ពេលនោះទេ។ ចំណែក អ៉ីរ៉ង់វិញត្រូវបានគេមើលឃើញថាកំពុងថមថយឥទ្ធិពល ខណៈសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាហេសបូឡា និងក្រុមហាម៉ាសត្រូវបានអ៉ីសា្រអែលវាយសំពងយ៉ាងចាស់ដៃ។

ការណ៍នេះបានទុកឱ្យកងទ័ពស៊ីរី គ្មានជម្រើសអ្វីផ្សេងទៀត ក្រៅតែពីប្រយុទ្ធដោយគ្មានជំនួយគ្រប់គ្រាន់ពីសម្ព័ន្ធមិត្តរបស់ខ្លួន នៅចំពោះមុខការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាម។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគលោកខាងលិច បាននិយាយថាបញ្ហាសំខាន់ដែលធ្វើឱ្យរបបដឹកនាំស៊ីរីរលំលឿនបែបនេះ គឺដោយសារតែបញ្ហាមកពីកងទ័ពស៊ីរីខ្លួនឯង។ ពោលគឺកងទ័ពស៊ីរីទទួលបានប្រាក់ខែតិចតួច បាក់ទឹកចិត្ត និងគ្មានស្មារតីប្រយុទ្ធ ហើយគួបផ្សំមានសមត្ថភាពតិចតួចផងនោះ បានធ្វើឱ្យសមត្ថភាពរបស់ពួកគេចុះខ្សោយ។ «កងទ័ពស៊ីរី តាមពិតទៅមិនមានសមត្ថភាពគ្រប់គ្រាន់តាំងតែពីដើមទីមកទៅហើយ ដ្បិតពួកគេ ស្ថិតនៅក្រោមការគ្រប់គ្រងជាមួយការភ័យខ្លាច និងពឹងផ្អែកយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៥មកលើរុស្ស៉ីដែលបានផ្ដល់អាវុធ និងការចង្អុលបង្ហាញ»។ នេះជាការយល់ឃើញរបស់លោក Hamish de Bretton Gordon ជាទាហានអង់គ្លេសចូលនិវត្តន៍។

យល់ឃើញស្រដៀងគ្នានេះដែរ លោក Greg Waters មកពី Middle East Institute បាននិយាយថា «ក្រុមមេបញ្ជាការស៊ីរី...បានផ្តោតភាគច្រើនលើការបង្ក្រាបការរត់ពន្ធ និងចាប់ជំរិត ជាជាងការផ្តោតទៅលើការបង្កើត ខ្សែការពារ និងដឹកនាំកងទ័ពរបស់ពួកគេ»។ លោក Waters បន្ថែមទៀតថា «ក្រុមឧទ្ទាមសព្វថ្ងៃ គឺខុសប្លែកពីក្រុមឧទ្ទាមដែលកងទ័ពស៊ីរីធ្លាប់ប្រយុទ្ធជាមួយកាលពីពេលមុន។ ពួកគេត្រូវបានបំពាក់អាវុធបានយ៉ាងល្អ និងមានវិន័យ... ហើយខ្ញុំអាចសន្មត់ថាតួកគីគឺជាអ្នកនៅពីក្រោយយ៉ាងសំខាន់»។ កងទ័ពស៊ីរីមួយភាគធំមិនដែលប្រយុទ្ធក្នុងសមរភូមិជាក់ស្ដែងឡើយ ចាប់តាំងពីមានបទឈប់បាញ់ជាមួយក្រុមឧទ្ទាម ក្នុងឆ្នាំ២០២០ ជាពេលដែលកូវីដ១៩ចាប់ផ្ដើមឆ្លងរាលដាលនៅជុំវិញពិភពលោក។ ដោយឡែក បើតាមលោក Stephen Cook ជាអ្នកជំនាញខាងកិច្ចការតំបន់មជ្ឈិមបូព៌ាវិញមកពី Council of Foreign Relations កងទ័ពស៊ីរី មួយភាគធំត្រូវបានកែនឱ្យបម្រើទ័ព ទាំងដែលពួកគេមិនចង់ ហើយមានតែអង្គភាពដូចជាឆ្មាំសាធារណរដ្ឋ ឬ Republican Guard ដែលអាចពឹងផ្អែកបានដើម្បីប្រយុទ្ធ។ នេះឯងជាមូលដ្ឋានដែលលោក Assad ពឹងផ្អែកលើ ក្រុមអ្នកប្រយុទ្ធហេសបូឡា។

លោក Cook បានចាត់ទុកថាកងទ័ពរបស់លោក Assad ប្រៀបដូចជាកងទ័ពចាស់គំរិកសល់តាំងពីសម័យសូវៀតដែលមានបញ្ហាធំខាងផ្គត់ផ្គង់ និងភស្តុភារ។ នៅមុនដួលរលំ ហើយខណៈកងទ័ពស៊ីរីបានដកថយចេញពី សមរភូមិប្រយុទ្ធជាបន្តបន្ទាប់ លោក Assad បានសន្យាថានឹងដំឡើងប្រាក់ខែឱ្យពួកគេ ៥០ភាគរយ។ ការសន្យាបែបនេះត្រូវបានក្រុមអ្នកជំនាញហៅថាជាការសម្រេចភ្លាមៗគ្មានផែនការអ្វីទាំងអស់ ដើម្បីដោះស្រាយបញ្ហា បាក់ទឹកចិត្តដែលបានវាយប្រហារលើកងទ័ពស៊ីរីជាយូរឆ្នាំមកហើយ។ «ជាការពិតណាស់ ការដួលរលំរបស់កងទ័ពស៊ីរី គឺជារឿងភ្ញាក់ផ្អើលតិចតួចដែរ តែនិយាយដោយស្មោះ វាក៏មិនមែនជារឿងភ្ញាក់ផ្អើលធំដុំអ្វីនោះដែរ ហើយម្យ៉ាងពួកគេក៏គ្មានកម្លាំងចិត្តដើម្បីប្រឈមមុខនឹងអ្វីដែលពួកគេកំពុងប្រឈមនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Natasha Hall ជាអ្នកជំនាញខាងកិច្ចមជ្ឈិមបូព៌ាមកពីវិទ្យាស្ថាន CSIS មានមូលដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន។

* តើក្រុមឧទ្ទាមដែលផ្ដួលរំលំរបបលោក Assad ជានរណា?

តាមពិតទៅ ក្រុមឧទ្ទាមនៅស៊ីរី សុទ្ធតែមានបក្សមានពួក និងមេកើយរបស់ពួកគេរៀងៗខ្លួន។ ប៉ុន្តែ ក្រុមឧទ្ទាមមួយដ៏សំខាន់នៅក្នុងចំណោមក្រុមឧទ្ទាមដែលបានរួមដៃគ្នាប្រឆាំងរបបលោក Assad នោះគឺ Hayat Tahrir Al-Sham ឬហៅកាត់ថា HTS។ ក្រុមឧទ្ទាម HTS ត្រូវបានបង្កើតឡើងដោយមេបញ្ជាការយោធាម្នាក់ឈ្មោះ Abu Mohammad al-Jolani។ មេបញ្ជាការរូបនេះមានបទពិសោធន៍យ៉ាងឆ្អិនឆ្អៅតាំងពីនៅយុវជនដោយបានចូលរួម ជាមួយក្រុមអាល់កៃដា ក្នុងការប្រយុទ្ធប្រឆាំងជាមួយសហរដ្ឋអាមេរិក នៅអ៉ីរ៉ាក់ អំឡុងការឈ្លានពានរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣។ លោក Jolani ក៏ធ្លាប់ត្រូវបានចាប់ខ្លួន និងជាប់គុកនៅក្នុងប្រទេសអ៉ីរ៉ាក់ផងដែរ។ ក្រោយត្រូវបានដោះលែង លោក Jolani បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីបង្កើតរណស្សិរ Jabhat al-Nusra ជាសាខាមួយរបស់ក្រុមអាល់កៃដា។ លោកបានដឹកនាំ Jabhat al-Nusra រហូតដល់ក្រុមមួយនេះ ប្រកាសផ្ដាច់ខ្លួនពីអាល់កៃដា ក្នុងឆ្នាំ២០១៦ ដោយសារការខែ្វងគំនិតគ្នារឿងមនោគមន៍វិជ្ជា និងការប្រឆាំងនឹងពួក ISIS។ លោក Jolani បានបង្កើត HTS នៅដើមឆ្នាំ២០១៧។

ក្នុងពេលប៉ុន្មានឆ្នាំមកនេះ ទោះជាលោក Jolani បានប្រកាសជាសាធារណៈពីការផ្ដាច់ខ្លួនពីអាល់កៃដា និងក្រុម ISIS ក៏សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀតនៅតែចាត់ទុក HTS ជាអង្គការភេវកម្មក្នុង ឆ្នាំ២០១៨ ហើយអាមេរិកថែមទាំងប្រកាសផ្ដល់រង្វាន់ ១០លានដុល្លារ សម្រាប់ក្បាលរបស់លោកទៀតផង។ បើតាមលោកស្រី Natasha Hall ក្រុម HTS មានសមត្ថភាពកសាងកម្លាំងដោយខ្លួនឯងតាមរយៈការគ្រប់គ្រង មួយផ្នែកធំលើសេដ្ឋកិច្ចនៃខេត្ត Idlib ហើយពួកគេមានឯករាជ្យភាពគ្រាន់បើ បើធៀបទៅនឹងកងកម្លាំងប្រដាប់អាវុធស៊ីរីដទៃទៀត»។

កន្លងមក ខណៈមានសេចក្ដីរាយការណ៍ថា HTS ទទួលបានការគាំទ្រជាជំនួយអាវុធ និងដ្រូនពីតួកគីដើម្បីបើកការវាយលុកប្រឆាំងរបបស៊ីរី តែ HTS មិនមែនជាសម្ព័ន្ធមិត្តពេញទីរបស់តួកគួកគីនោះទេ ហើយក៏មិនមានព័ត៌មាន ណាអាចបញ្ជាក់បានថាក្រុមមួយនេះ អាចផលិតអាវុធបានដោយខ្លួនឯងនោះដែរ។

គួរបញ្ជាក់ថា នៅក្នុងក្រុមចម្រុះដឹកនាំដោយក្រុមឧទ្ទាម HTS ក៏មានផងដែរ កងទ័ពជាតិស៊ីរី ឬ Syrian National Army ដែលជាក្រុមឧទ្ទាមមួយទទួលបានការគំាទ្រទាំងអាវុធ និងមនោគមន៍វិជ្ជាពីតួកគី។ ម្លោះហើយទើប ក្រុមអ្នកវិភាគជឿថាតួកគីបានដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយប្រតិបត្តិការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី៕