(បេរូត)៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ត្រូវបានរាយការណ៍ថាបានឡើងជិះយន្ដហោះចាកចេញពីប្រទេសហើយ បន្ទាប់ពីក្រុមឧទ្ទាមអះអាងថាពួកគេបាន វាយលុកចូលក្នុងរដ្ឋធានីដាម៉ាស នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ។ នៅក្នុងការបង្ហោះមួយលើបណ្ដាញ Telegram ក្រុមឧទ្ទាមស៊ីរី ក៏បានប្រកាសដូច្នេះដែរថា «ជនផ្ដាច់ការ Bashar al-Assad បានរត់ចេញពីប្រទេស ហើយយើងសូមប្រកាសពី ការរំដោះទីក្រុងដាម៉ាស»។ ក្រុមឧទ្ទាមស៊ីរីបានបន្ថែមទៀតថា «នៅបន្ទាប់ពីរយៈពេល៥០ឆ្នាំ នៃការគាបសង្កត់ពីរបបដឹកនាំដោយគណបក្ស Baath (គណបក្សរបស់លោក Bashar al-Assad) និង១៣ឆ្នាំ នៃការប្រព្រឹត្ត ឧក្រិដ្ឋកម្ម អំពើផ្ដាច់ការ និងការបង្ខំឱ្យប្រជាជនភៀសខ្លួន...យើងសូមប្រកាសនៅថ្ងៃនេះពីការបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត ហើយចាប់ផ្ដើមនៃសករាជថ្មីមួយសម្រាប់ស៊ីរី»

ទីបញ្ជាការកងទ័ពស៊ីរី ក៏បានប្រាប់ក្រុមមន្ត្រីរបស់ខ្លួនដែរថារបបដឹកនាំរយៈពេល ២៤ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ ក្រោយការវាយលុកលឿនដូចផ្លេកបន្ទោររបស់ ក្រុមឧទ្ទាមស៊ីរី។ បើតាមប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman លោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាននេះ។ ប៉ុន្តែគេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានអះអាងថាកងកម្លាំងរបស់ខ្លួនបានចាប់ផ្ដើមវាយលុកចូលក្នុងរដ្ឋធានីដាម៉ាសហើយ ខណៈក្រុមមន្ត្រីអាមេរិកជឿជាក់ ថារបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃទៀតនេះ ហើយការដួលរលំនេះគេលឿនជាងការព្យាករបស់ក្រុមមន្ត្រីអាមេរិកទៅទៀត។ ក្រុមឧទ្ទាមស៊ីរីក៏បានប្រកាសផងដែរពីការវាយដណ្ដើមបានទីក្រុង Homs ដោយប្រើពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយ កងកម្លាំងរដ្ឋាភិបាលស៊ីរី។ ការយកបានទីក្រុង Homs គឺប្រៀបបានដូចជាការពុះចែកប្រទេសស៊ីរីជា២ ហើយធ្វើឱ្យរបបលោក-Assad ស្ថិតនៅក្នុងគ្រោះថ្នាក់ ខណៈមានសេចក្ដីរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលស៊ីរីមួយចំនួនបានចុះចូលជាមួយក្រុមឧទ្ទាម។

នៅចំពោះមុខការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី រដ្ឋាភិបាលស៊ីរីរបស់ លោក Assad បានបាត់ទីក្រុងជាបន្តបន្ទាប់ដូចជា Aleppo, Hama Homs Daraa, Quneitra និងទីក្រុង Suwayda។ ខាងក្រោមគឺជាចំណុចសំខាន់ៗគួរដឹងពីរបបដឹកនាំរបស់លោក Bashar al-Assad៖​

* ការចាប់ផ្ដើមនៃរបបដឹកនាំដោយគ្រួសារ Assad

គ្រួសារលោក Assad បានដឹកនាំប្រទេសស៊ីរីអស់រយៈពេលជាង ៥៣ឆ្នាំមកហើយ ចាប់តាំងពីលោក Hafez al-Assad ឡើងកាន់តំណែងជាប្រធានាធិបតីស៊ីរី ក្នុងឆ្នាំ១៩៧១មក។ លោកបានកាន់តំណែងនេះ រយៈពេល ២៩ឆ្នាំ រហូតដល់លោកទទួលមរណភាពនៅឆ្នាំ២០០០។ តែរបបដឹកនាំរបស់លោកនៅតែបន្តរស់រានមានជីវិត ក្រោមការដឹកនាំដោយកូនប្រុសរបស់លោក គឺលោក Bashar al-Assad។ ក្នុងឆ្នាំ១៩៩៤ កូនប្រុសច្បងរបស់លោក Hafez al-Assad និងដែលគេជឿជាក់ថាអ្នកបន្តវេនពីរូបលោក មានឈ្មោះថា Basel បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ក្រោយបងប្រុសទទួលមរណភាព លោក Bashar al-Assad ត្រូវបានកោះហៅឱ្យត្រឡប់មកកាន់ប្រទេសស៊ីរីវិញពីចក្រភពអង់គ្លេសជាទីដែលលោកកំពុងទទួលការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រនៅពេលនោះ ដើម្បីម​កទទួលតំណែងជាប្រធានាធិបតីជំនួសឪពុករបស់លោក។ ដើម្បីរក្សាអំណាច លោក Bashar al-Assad បានប្រើប្រាស់នយោបាយកណ្ដាប់ដៃ ជាពិសេសក្រោយមានបាតុកម្មតវ៉ាប្រឆាំងនឹងរបបដឹកនាំរបស់លោក កាលពីឆ្នាំ២០១១។

* ការដឹកនាំក្រោមអាណត្តិរបស់លោក Bashar al-Assad

លោក Bashar al-Assad បានជាប់ឆ្នោតជាប្រធានាធិបតីស៊ីរី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ នៅក្នុងការបោះឆ្នោតមួយដែលគ្មាននរណាប្រជែងជាមួយរូបលោក។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៧ លោក បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មី ហើយបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីដែលមិនមាននរណាឈរឈ្មោះប្រជែង និងជាប់ឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិទី២ មានរយៈពេល ៧ឆ្នាំ។ រហូតដល់ឆ្នាំ២០១១ បដិវត្តន៍អារ៉ាប់បានផ្ទុះឡើងនាំឱ្យមានបាតុកម្មតវ៉ានៅក្នុងប្រទេសស៊ីរី អំពាវនាវឱ្យលោក Assad ចុះចេញពីតំណែង។ ប៉ុន្តែលោកបានបញ្ជាឱ្យកងកម្លាំងរបស់លោកបង្ក្រាបយ៉ាងហិង្សា លើក្រុមបាតុករ រហូតបណ្ដោលឱ្យមានការងើបឡើងបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបរបស់លោក និងផ្ទុះទៅជាសង្រ្គាមស៊ីវិល។ ដោយមានការគំាទ្រពីរុស្ស៉ី អ៉ីរ៉ង់ និងក្រុមហេសបូឡា ព្រមទាំងកងជីវពល និកាយស៊ីអ៉ីតនៅក្នុងតំបន់ របបដឹកនាំលោក Assad អាចរក្សាអំណាច និងកាន់ទឹកដីស៊ីរីមួយផ្នែកធំ។

ក្រោយមកទៀត នៅឆ្នាំ២០១៤ លោក Assad បានជាប់ឆ្នោតជាប្រធានាធិបតីស៊ីរី ដោយទទួលបានសំឡេងគាំទ្រ ៨៨.៧ភាគរយនៃសំឡេងឆ្នោតសរុប។ នេះបើតាមសេចក្ដីរាយការណ៍ របស់ទូរទស្សន៍រដ្ឋស៊ីរី។ នេះក៏ជាការបោះឆ្នោតដំបូងបំផុតរបស់ស៊ីរីផងដែរ ចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរីផ្ទុះឡើងកាលពីឆ្នាំ២០១១។ នៅឆ្នាំ២០២១ លោក Assad នៅតែបន្តជាប់ឆ្នោត ជាប្រធានាធិបតីស៊ីរី ដោយទទួលបានសំឡេងគាំទ្រ ៩៥.១ភាគរយនៃសំឡេងឆ្នោតសរុប។ ប៉ុន្តែ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលី បានចេញសេចក្ដីថ្លែងការណ៍រួម មិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលពួកគេចោទថា មានការលួចបន្លំសន្លឹកឆ្នោត។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានប្រកាសពីការវាយរំដោះបានរដ្ឋធានីដាម៉ាស ជាមួយការអះអាងថាលោក Bashar al-Assad បានចាកចេញពីរដ្ឋធានីនៃប្រទេសស៊ីរី ហើយបានអំពាវនាវឱ្យប្រជាជនស៊ីរីនៅក្រៅប្រទេសត្រឡប់ចូលស្រុកវិញ៕