(បេរូត)៖ ទីបញ្ជាការកងទ័ពស៊ីរី បានប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបដឹកនាំរយៈពេល ២៤ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ ក្រោយការវាយលុកលឿនដូច ផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ បានឱ្យដឹងដែរថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ដោយ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាននេះ។ ប៉ុន្តែ គេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។ ចំណែក ក្រុមឧទ្ទាមស៊ីរីវិញក៏បានអះអាងពីការវាយរំដោះរដ្ឋធានីដាម៉ាសផងដែរ ជាមួយការប្រកាសពីការបើកសករាជថ្មីសម្រាប់ស៊ីរី។
«ជនផ្ដាច់ការ Bashar al-Assad បានរត់ចេញពីប្រទេស ហើយយើងសូមប្រកាសពីការរំដោះទីក្រុងដាម៉ាស»។ ក្រុមឧទ្ទាមស៊ីរីបានបន្ថែមទៀតថា «នៅបន្ទាប់ពីរយៈពេល៥០ឆ្នាំ នៃការគាបសង្កត់ ពីរបបដឹកនាំដោយគណបក្ស Baath (គណបក្សរបស់លោក Bashar al-Assad) និង១៣ឆ្នាំនៃការប្រព្រឹត្ត ឧក្រិដ្ឋកម្ម អំពើផ្ដាច់ការ និងការបង្ខំឱ្យប្រជាជនភៀសខ្លួន...យើងសូមប្រកាសនៅថ្ងៃនេះពី ការបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត ហើយចាប់ផ្ដើមនៃសករាជថ្មីមួយសម្រាប់ស៊ីរី»។ នេះជាការប្រកាសរបស់ក្រុមឧទ្ទាមស៊ីរីនៅលើបណ្ដាញ Telegram៕