(បេរូត)៖ ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានប្រកាសថាលោកប្រធានាធិបតី Bashar al-Assad បានរត់ចាកចេញពីប្រទេសស៊ីរីហើយ និងបានអំពាវនាវឱ្យប្រជាជនស៊ីរីដែលកំពុងរស់នៅ នៅឯក្រៅប្រទេសត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះមួយលើបណ្ដាញ Telegram ក្រុមឧទ្ទាមស៊ីរី បានប្រកាសដូច្នេះថា «ជនផ្ដាច់ការ Bashar al-Assad បានរត់ចេញពីប្រទេស ហើយយើងសូមប្រកាសពីការរំដោះទីក្រុងដាម៉ាស»។ ក្រុមឧទ្ទាមស៊ីរីបានបន្ថែមទៀតថា «នៅបន្ទាប់ពីរយៈពេល៥០ឆ្នាំ នៃការគាបសង្កត់ពីរបបដឹកនាំដោយគណបក្ស Baath (គណបក្សរបស់លោក Bashar al-Assad) និង១៣ឆ្នាំនៃការប្រព្រឹត្ត ឧក្រិដ្ឋកម្ម អំពើផ្ដាច់ការ និងការបង្ខំឱ្យប្រជាជនភៀសខ្លួន...យើងសូមប្រកាសនៅថ្ងៃនេះពីការបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត ហើយចាប់ផ្ដើមនៃសករាជថ្មីមួយសម្រាប់ស៊ីរី»

គួរបញ្ជាក់ថា ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងដែរថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ជាមួយការបន្ថែមថាប្រធានាធិបតីស៊ីរីរូបនេះបានចាកចេញពីស៊ីរី តាមរយៈអាកាសយានដ្ឋានអន្តរជាតិដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាននេះ។ ប៉ុន្តែ គេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។ ក្រុមមន្ត្រីអាមេរិក នៅមុននេះបន្តិច បានអះអាងថាពួកគេកំពុងតាមដានស្ថានការណ៍នៅស៊ីរី ជាមួយការព្យាករថារបបដឹកនាំ របស់លោក Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃ ទៀតនេះ នៅចំពោះមុខការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងក្រោយរដ្ឋាភិបាលស៊ីរីបានបាត់ទីក្រុងជាបន្តបន្ទាប់ដូចជា Aleppo, Hama Homs Daraa, Quneitra និងទីក្រុង Suwayda៕