(គែរ)៖ ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានអះអាងថាកងកម្លាំងរបស់ខ្លួនបានចាប់ផ្ដើមវាយលុកចូលក្នុងរដ្ឋធានីដាម៉ាសហើយ ខណៈក្រុមមន្ត្រីអាមេរិកជឿជាក់ ថារបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមឧទ្ទាមស៊ីរីនៅព្រឹកថ្ងៃអាទិត្យនេះ ក៏បានប្រកាសផងដែរពីការវាយដណ្ដើមបានទីក្រុង Homs ដោយប្រើពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ នៅក្នុងការវាយប្រយុទ្ធគ្នាជាមួយ កងកម្លាំងរដ្ឋាភិបាលស៊ីរី។ ការយកបានទីក្រុង Homs គឺប្រៀបបានដូចជាការពុះចែកប្រទេសស៊ីរីជា២ ហើយធ្វើឱ្យរបបលោក-Assad ស្ថិតនៅក្នុងគ្រោះថ្នាក់ ខណៈមានសេចក្ដីរាយការណ៍មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលស៊ីរីមួយចំនួនបានចុះចូលជាមួយក្រុមឧទ្ទាម។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកបានអះអាងថាពួកគេកំពុងតាមដានស្ថានការណ៍នៅស៊ីរី ជាមួយការព្យាករថារបបដឹកនាំរបស់លោក Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃ ទៀតនេះ នៅចំពោះមុខការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងក្រោយរដ្ឋាភិបាលស៊ីរីបានបាត់ទីក្រុងជាបន្តបន្ទាប់ដូចជា Aleppo, Hama Homs Daraa, Quneitra និងទីក្រុង Suwayda៕