(ដូហា)៖​ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក​ Sheikh Mohammed bin Abdulrahman Al Thani បាននិយាយថា ប្រទេសកាតា​ កំពុងធ្វេីការជាមួយអនាគតរដ្ឋបាលលោក​ ដូណាល់​ ត្រាំ​ លេីបញ្ហាសង្រ្គាមហ្កាហ្សា​ ក្រោយបានដឹងពីទំនោរថ្មីសម្រាប់ការចរចាបទឈប់បាញ់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៧​ ខែធ្នូ​ ឆ្នាំ​២០២៤។

លោក Al Thani បាននិយាយក្នុងសន្និសីទនៅទីក្រុង Doha ដូច្នេះថា «​យើងឃេីញមានការលើកទឹកចិត្តច្រើនពីអនាគតរដ្ឋបាលអាមេរិក​ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ សូម្បីតែមុនពេលប្រធានាធិបតីចូលកាន់តំណែងផ្លូវការ​ ហើយនោះពិតជាបានធ្វើឱ្យយើងខំព្យាយាមផ្លាស់ប្តូរ​ និងធ្វេីឱ្យអ្វីៗត្រលប់មកវិញ។ យើងធ្វេីការជាមួយគ្នា​ ក្នុង​ពីរ​បី​សប្តាហ៍​កន្លង​មក​នេះ»។

បេសកជនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់លោក​ ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសកាតា និងអ៉ីស្រាអែល ដើម្បីចាប់ផ្តើមការជំរុញផ្នែកការទូតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ​ ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល។ លោក​ Steve Witkoff ដែលនឹងក្លាយជាបេសកជនជាផ្លូវការ​នៃរដ្ឋបាលលោក ត្រាំ​ បានជួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល​ លោក Benjamin Netanyahu និងលោក​ Al Thani កាលពីចុងខែវិច្ឆិកាកន្លងទៅ។

គួរបញ្ជាក់ថា​ យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា សង្គ្រាមដែលអូសបន្លាយក្នុងជាង ១៤ខែមកនេះ​ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៤.០០០នាក់ ខណៈដែលកងកម្លាំងអ៉ីស្រាអែលបន្តបេសកកម្មកម្ចាត់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងដែលនៅសល់៕