(សេអ៊ូល)៖ នៅយប់ថ្ងៃសៅរ៍ ទី៧ ខែធ្នូនេះ ការបោះឆ្នោតលើសំណើដំណើរការនីតិវិធីចោទប្រកាន់ ដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបរាជ័យ ដោយសារមិនមានសំឡេងគាំទ្រគ្រប់គ្រាន់ ខណៈដែលសមាជិកសភានៃគណបក្សកាន់អំណាចធ្វើពហិការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រ ២ភាគ៣ ក្នុងចំណោមសមាជិកសភាជាតិ ៣០០រូប។ ពោលដើម្បីអាចទម្លាក់លោក Yoon ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ ២ ភាគ៣ ឬពីសមាជិកសភាចំនួន ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង និងគណបក្សប្រឆាំង ជាដៃគូតូចៗផ្សេងទៀត មានសំឡេង ១៩២អាសនៈនៅក្នុងសភា ខណៈគណបក្សអំណាចប្រជាជនរបស់លោក Yoon មាន១០៨អាសនៈ។
សមាជិកនៃគណបក្សរបស់ លោក Yoon បានចាកចេញពីសភាមុនដំណើរការបោះឆ្នោត ហើយមានអ្នកខ្លះមិនមកចូលរួមតែម្តង។ នៅខាងក្រៅសភា ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ បាននាំគ្នាប្រមូលផ្តុំដេីម្បីគាំទ្រឱ្យមានការអនុម័តលេីនីតិវិធីដកតំណែង លោក Yoon។ ក្រុមសមាជិកសភានៃគណបក្សប្រឆាំង បាននិយាយថាពួកគេមានគម្រោងពិនិត្យលេីសំណេីនីតិវិធីនេះម្តងទៀត នៅថ្ងៃពុធសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ភាពច្របូកច្របល់បានកើតឡើង នៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍នេះ បន្ទាប់ពីលោក Yoon Suk Yeol ប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលលោកផ្ទាល់អះអាងថា មានគោលដៅទប់ស្កាត់សកម្មភាពប្រឆាំងរដ្ឋរបស់គណបក្សប្រឆាំង។ ប៉ុន្តែ លោក Yoon បានប្រកាសដកចេញច្បាប់អាជ្ញាសឹកវិញ កាលពីព្រឹកថ្ងៃពុធ ក្រោយសមាជិកសភា ១៩០រូប បោះឆ្នោតជំទាស់។ ក្រុមគណបក្សប្រឆាំង បានចោទប្រកាន់លោក Yoon ថាបំពានលើកាតព្វកិច្ចរបស់លោកនៅក្រោមរដ្ឋធម្មនុញ្ញ ហើយបានប្រព្រឹត្តបទឧក្រិដ្ឋមួយស្មើនឹងទោសក្បត់ជាតិ នៅពេលដែលរូបលោកបានប្រកាស ដាក់ចេញច្បាប់អាជ្ញាសឹក៕