(ប៉េកាំង)៖ ទេសភាពសមុទ្ររបស់ប្រទេសចិនមានភាពចម្រុះសម្បូរបែប បណ្តោយឆ្នេរសមុទ្ររបស់ប្រទេសចិនមានដល់ទៅ ៣ម៉ឺន ២ពាន់គីឡូម៉ែត្រ ចំណែកទំហំផ្ទៃសមុទ្រដែលចិនគ្រប់គ្រង មានដល់ទៅ ៣ លានគីឡូម៉ែត្រការ៉េ។ ពីបុរាណដល់បច្ចុប្បន្ន រាល់សកម្មភាពដែលប្រទេសចិនបានធ្វើទាំងកសិកម្ម ការនេសាទ ការប្រមាញ់ ការធ្វើពាណិជ្ជកម្ម គមនាគមន៍ និងអរិយធម៌ជាដើម សុទ្ធតែពាក់ព័ន្ធនឹងសមុទ្រ។

មនុស្សជាតិនិងសមុទ្រមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ។ លោក Xi Jinping មេដឹកនាំកំពូលចិនបានលើកឡើងថា៖ «សមុទ្របានបង្កើតជីវិត តភ្ជាប់ពិភពលោក ហើយជំរុញការអភិវឌ្ឍ «យើងត្រូវយកចិត្តទុកដាក់ចំពោះសមុទ្រដូចជាថ្នាក់ថ្នមជីវិតអីចឹងដែរ» «ដើម្បីបន្សុលទុកនូវសមុទ្រថ្លានិងផ្ទៃមេឃពណ៌ខៀវ ឱ្យកូនចៅជំនាន់ក្រោយៗទៀត»។

សមុទ្រជាគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោក Xi Jinping បានសម្គាល់ឃើញថា ការអភិវឌ្ឍនិងអភិរក្សសមុទ្រត្រូវដើរទន្ទឹមគ្នា ធ្វើឱ្យការអភិរក្សយ៉ាងល្អគាំទ្រការអភិវឌ្ឍគុណភាពខ្ពស់ជានិរន្តរភាព។ មិនថាធ្វើការតាមមូលដ្ឋានឬនៅមជ្ឈិមបក្សនិងរដ្ឋ លោកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិរក្សធនធានសមុទ្រ។

លោក Xi Jinping ធ្លាប់ចុះពិនិត្យតាមក្រុងស្រុកនិងសង្កាត់ចំនួនរាប់សិបកន្លែងដែលនៅជាប់នឹងសមុទ្រ។ កាលនោះលោកបានសម្គាល់ឃើញហើយថា ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ មិនត្រូវលះបង់បរិស្ថានអេកូឡូស៊ី របស់សមុទ្រជាដាច់ខាត។

ចាប់ពីយុគសម័យថ្មីមក ប្រទេសចិនបានខិតខំកសាងសមត្ថភាពប្រើប្រាស់ធនធានសមុទ្រគ្រប់បែបយ៉ាង ដើម្បីបម្រើតម្រូវការនៃវិស័យផ្គត់ផ្គង់ថាមពល អាហារ និងទឹកសាប ត្រួសត្រាយនូវឧស្សាហកម្មថាមពលស្អាត បានជួយឱ្យខ្យល់លើសមុទ្របក់បំភ្លឺអំពូលនៅលើដីគោក ធ្វើឱ្យទឹកប្រៃក្លាយជាទឹកសាប ត្រីសមុទ្រគុណភាពល្អដាក់នៅលើតុបាយ។

ប្រទេសចិនបានរៀបចំនិងកសាងឡើងវិញ ចំពោះបណ្តោយឆ្នេរសមុទ្រប្រវែង២ពាន់គីឡូម៉ែត្រ និងដីសើមទំហំ៤ ម៉ឺនហិកតា, ទំហំផលិតជលសរុបនៃសមុទ្រប្រចាំឆ្នាំ ជិតដល់ ១០ទ្រីលានយាន់ប្រាក់ចិន, បានកសាងឃ្លាំងអភិរក្សធនធានជីវសាស្ត្រសមុទ្រដ៏ធំបំផុតលើពិភពលោក, ដាក់ឱ្យប្រើប្រាស់នូវនាវាខួងយក ប្រេងកាតពីសមុទ្រជ្រៅឈ្មោះ Mengxiang និងយានផ្ទុកមនុស្សជ្រមុជទឹកសមុទ្រជ្រៅឈ្មោះ Jiaolong និង Fendouzhe។ល។ ដែលបានបង្ហាញពីសមត្ថភាពសិក្សាស្រាវជ្រាវនិងផលិត ក្នុងវិស័យវិទ្យាសាស្ត្រជឿនលឿនពាក់ព័ន្ធនឹង សមុទ្ររបស់ប្រទេសចិន។

«យកចិត្តទុកដាក់ចំពោះសមុទ្រដូចជាថ្នាក់ថ្នមជីវិតអីចឹងដែរ» យើងក្រសោបពណ៌ខៀវដ៏ធំល្វឹងល្វើយ ខណៈពេលដែលក៏កំពុងឱបក្រសោបអនាគតផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន