(សេអ៊ូល)៖ នារសៀលថ្ងៃសៅរ៍នេះ ប្រជាជនកូរ៉េខាងត្បូងប្រហែលខ្ទង់រាប់ម៉ឺននាក់ បាននាំគ្នាប្រមូលផ្តុំក្នុងរដ្ឋធានីសេអ៊ូល នៅខាងក្រៅវិមានសភាជាតិ មុនសភាត្រូវធ្វើការបោះឆ្នោតដ៏សំខាន់មួយ ដើម្បីសម្រេចលើសំណើស្តីពីការដំណើរការនីតិវិធីទម្លាក់ ប្រធានាធិបតីលោក Yoon Suk Yeol ពីអំណាច ក្រោយរូបលោក បានប៉ុនប៉ងដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤។
កាលពីព្រឹកថ្ងៃសៅរ៍នេះ លោក Yoon បានចេញមុខសុំទោសប្រជាជន ប៉ុន្តែមិនបានលាលែងពីតំណែងតែម្តងឡើយ។ យ៉ាងណាមិញ លោក Yoon បានអះអាងថា រូបលោក នឹងមិនព្យាយាមគេចវេះពី ការទទួលខុសត្រូវផ្នែកនយោបាយ ក៏ដូចជាផ្នែកនយោបាយ សម្រាប់ការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹករបស់លោក នោះទេ។ បើតាមលោក Yoon ការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺកើតចេញពីភាពអស់សង្ឃឹមផ្នែកនយោបាយរបស់លោក។ លោក Yoon បានបញ្ជាក់ថា លោកនឹងទុកឱ្យ គណបក្សកាន់អំណាច ជាអ្នកសម្រេចលើជោគវាសនានៃអាណត្តិប្រធានាធិបតីរបស់លោក។
ក្រោយការថ្លែងសារទៅកាន់ប្រជាជាតិរបស់លោក Yoon មេដឹកនាំគណបក្ស People Power Party ដែលជាបក្សកាន់អំណាចរបស់លោក Yoon បាននិយាយថា លោកប្រធានាធិបតី លែងស្ថិតក្នុងតួនាទីមួយ ដែលអាចបំពេញភារកិច្ចជាធម្មតា ដូចគ្មានរឿងអ្វីកើតឡើងនោះឡើយ ហើយការចុះចេញពីតំណែងមុនពេលកំណត់ នាពេលនេះ គឺជារឿងចៀសមិនផុត។ ទោះជាបែបនេះក្តី វាមិនច្បាស់នោះទេ ថាតើសមាជិកសភាបក្សកាន់អំណាច នឹងចូលរួមបោះឆ្នោតគាំទ្រ នីតិវិធីដកតំណែង លោក Yoon ដែលត្រូវបានស្នើឡើងដោយក្រុមបក្សប្រឆាំង ដែរឬយ៉ាងណា។
គួរបញ្ជាក់ថា នៅក្រោមរដ្ឋធម្មនុញ្ញានៃប្រទេសកូរ៉េខាងត្បូង ប្រសិនបើលោក Yoon លាលែងពីតួនាទីដោយខ្លួនឯង ឬមួយក៏ត្រូវបានទម្លាក់ពីតំណែង នោះនាយករដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងដោយលោក Yoon ផ្ទាល់ នឹងឡើងកាន់តួនាទីជំនួសជា ប្រធានាធិបតីស្តីទីជាបណ្តោះអាសន្ន។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង ក៏តម្រូវផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមួយ ចាំបាច់ត្រូវរៀបចំឡើង ក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីពេលនោះ៕