(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាថ្ងៃសៅរ៍នេះ បានសុំទោសប្រជាជន សម្រាប់ភាពចលាចល ដែលត្រូវបានបង្កឡើង ដោយសារការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ ប៉ុន្តែលោក មិនបានប្រកាសលាលែងចេញពីតំណែង តែម្តងឡើយ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤។

លោក Yoon បានចេញមុខសុំទោសប្រជាជនកូរ៉េខាងត្បូង អំឡុងការថ្លែងសារជាលើកដំបូងទៅកាន់ប្រជាជាតិ ចាប់តាំងពីលោក បានព្យាយាមប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រៅពីការសុំទោស លោក Yoon បានបញ្ជាក់ថា នឹងមិនមានការប្រកាសច្បាប់អាជ្ញាសឹក ជាលើកទី២ឡើយ ហើយលោកបានបន្ថែមថា រូបលោកនឹងទុកឱ្យ គណបក្សកាន់អំណាច ជាអ្នកផ្តល់ស្ថិរភាពស្ថានការណ៍នយោបាយឡើងវិញ ក្នុងនោះរួមមានទាំងការសម្រេចលើ អាណត្តិជាប្រធានាធិបតីរបស់លោក។

គួរបញ្ជាក់ថា ក្រោយដាក់ចេញអស់រយៈពេល៦ម៉ោង ច្បាប់អាជ្ញាសឹកត្រូវបានដកចេញវិញ បន្ទាប់ពីក្រុមសមាជិកសភាកូរ៉េខាងត្បូង បានបោះឆ្នោតជំទាស់។ នៅថ្ងៃសៅរ៍នេះ សភាកូរ៉េខាងត្បូង នឹងត្រូវបោះឆ្នោតសម្រេចលើ សំណើរបស់ក្រុមគណបក្សប្រឆាំង ដែលមានគោលដៅដំណើរការនីតិវិធីចោទប្រកាន់ ដើម្បីដកតំណែងលោក Yoon។ យ៉ាងណាមិញ វាមិនច្បាស់នោះទេថា តើក្រុមសមាជិកសភានៃគណបក្សកាន់អំណាច People Power Party នឹងបោះឆ្នោតគាំទ្រសំណើនោះដែរឬអត់ ប៉ុន្តែប្រធានបក្ស បានទាមទារឱ្យ លោក Yoon លាលែងពីតំណែង៕