Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន ថា មីស៉ីលបាលិស្ទីគស៊េរីថ្មី Oreshnik អាចដាក់ពង្រាយនៅបេឡារុស អំឡុងចុងឆ្នាំ២០២៥ (Video inside)

07-12-2024 10:54

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ បាននិយាយថា ទីក្រុងមូស្គូអាចនឹងដាក់ពង្រាយ ប្រព័ន្ធមីស៉ីលបាលិស្ទីគកម្រិតរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ហៅថា Oreshnik នៅក្នុងទឹកដីប្រទេសបេឡារុស នៅអំឡុង៦ខែចុងក្រោយ នៃឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ពូទីន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះសំណើមួយ របស់ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko អំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងមីនស្កិ៍។ លោក ពូទីន បានបញ្ជាក់ថា បេឡារុសនឹងជាអ្នកកំណត់គោលដៅ សម្រាប់មីស៉ីល Oreshnik ដែលដាក់ពង្រាយនៅលើទឹកដីរបស់ខ្លួន។ កាលពីខែវិច្ឆិកាកន្លងទៅ រុស្ស៉ីបានប្រើមីស៉ីល Oreshnik ដែលជាមីស៉ីលស៊េរីថ្មី វាយប្រហារលើទីក្រុងរបស់អ៊ុយក្រែន ខណៈលោក ពូទីន បានអះអាងថា វាគឺជាការធ្វើតេស្តមីស៉ីលនោះលើកដំបូង ក្នុងសមរភូមិជាក់ស្តែង។

គួរបញ្ជាក់ថា ក្នុងថ្ងៃសុក្រដដែល លោក ពូទីន និងលោក Lukashenko ក៏បានចុះហត្ថលេខា លើសន្ធិសញ្ញាថ្មីមួយ ស្តីពីការធានាសន្តិសុខដល់គ្នាទៅវិញទៅមកផងដែរ ហើយវាធ្វើឡើងក្នុងឱកាសខួប២៥ឆ្នាំ នៃការបង្កើតសម្ព័ន្ធភាពពិសេសមួយ រវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ៕