(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រនេះថា អ៊ីរ៉ង់មានបំណងបញ្ជូនមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសស៊ីរី និងបង្កើនចំនួនទីប្រឹក្សាយោធារបស់ខ្លួននៅទីនោះ ដើម្បីគាំទ្រប្រធានាធិបតី Bashar al-Assad ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម។

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ទំនងជាទីក្រុងតេអេរ៉ង់ នឹងត្រូវបញ្ជូនឧបករណ៍យោធា មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសស៊ីរី...ទីក្រុងតេអេរ៉ង់ បានចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបង្កើនចំនួនទីប្រឹក្សាយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងដាក់ពង្រាយកងកម្លាំង»។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាម ទទួលបានជ័យជម្នះជាបន្តបន្ទាប់ នៅក្នុងប្រទេសស៊ីរី ដែលបានគំរាមកំហែងដល់រដ្ឋាភិបាលលោក Assad។ បច្ចុប្បន្ននេះទីក្រុងតេអេរ៉ង់កំពុងផ្តល់ជំនួយផ្នែកចារកម្ម និងផ្កាយរណបដល់ប្រទេសស៊ីរី។ ទោះជាយ៉ាងណា អ៊ីរ៉ង់មិនទាន់បានសម្រេចចិត្ត បញ្ជូនកងទ័ពជើងគោក ទៅកាន់ស៊ីរីនៅឡើយទេ។

សម្រាប់អ៊ីរ៉ង់ លោក Assad គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលជាផ្នែកមួយនៃ «អ័ក្សនៃការតស៊ូ» របស់ខ្លួនចំពោះឥទ្ធិពលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។

ប្រភពការទូតតួកគី បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេសតួកគី អ៊ីរ៉ង់ និងរុស្ស៊ីនឹងជួបប្រជុំគ្នានៅទីក្រុងដូហានៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់ពួកឧទ្ទាមនៅក្នុងប្រទេសស៊ីរី។​ កិច្ចប្រជុំនេះនេះ ពិតជាមានសារៈសំខាន់ខ្លាំង ថ្បិតថាតួកគី​ដែល​ជា​សមាជិក​អង្គការ​អូតង់​ ជាអ្នក​គាំទ្រ​ក្រុម​ឧទ្ទាម​ ខណៈដែលអ៊ីរ៉ង់ និងរុស្ស៉ីជាអ្នកគាំទ្រលោក Assad៕