(ប៉េកាំង)៖ នៅយប់ថ្ងៃទី៤ខែធ្នូ ឆ្មាំសមុទ្រចិនបានចេញផ្សាយវីដេអូផ្សាយផ្ទាល់មួយ៖ នាវាផ្លូវការហ្វីលីពីនលេខ៣០០៣ បានបរមកប្រកៀកជិតនាវាឆ្មាំសមុទ្រចិនលេខ៣៣០២ ដោយរបៀបមិនស្ទាត់ជំនាញនិងគ្រោះថ្នាក់ ដែលបណ្តាលឱ្យកើតមាន ការបុកគ្នា។ នៅថ្ងៃដដែល នាវាឆ្មាំសមុទ្រ នាវាផ្លូវការនិងនាវានេសាទជាច្រើនរបស់ភាគីហ្វីលីពីន បានបំពានចូលដែនសមុទ្រ នៃកោះ Huangyan ប្រទេសចិន។ នៅប៉ុន្មានថ្ងៃមុននេះ នាវាជាច្រើនរបស់ភាគីហ្វីលីពីន បានយកលេសថានេសាទត្រី ដើម្បីទៅប្រមូលផ្ដុំគ្នាដោយខុសច្បាប់ នៅដែនសមុទ្រជាប់ថ្មប៉ប្រះទឹក Houtengនៃប្រជុំកោះ Nansha របស់ប្រទេសចិន ហើយបានដឹកអ្នកសារព័ត៌មាន នៃប្រព័ន្ធផ្សព្វផ្សាយមកតាមថត និងឃោសនាបំប៉ោង។ ឆ្មាំសមុទ្រចិន បានចាត់វិធានការគ្រប់គ្រង ដ៏ចាំបាច់តាមផ្លូវច្បាប់ និងបទប្បញ្ញត្តិចំពោះនាវាហ្វីលីពីន។

ពីថ្មប៉ប្រះទឹក Houteng ដល់កោះ Huangyan ហេតុអ្វីបានជាហ្វីលីពីនបំផុសការបង្កហេតុជុំថ្មី នៅសមុទ្រចិនខាងត្បូង នៅពេលនេះ? មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នៅថ្ងៃទី៨ ខែវិច្ឆិកា លោក Marcosប្រធានាធិបតីហ្វីលីពីន បានចុះហត្ថលេខាលើ អ្វីដែលហៅថា《សេចក្តីព្រាងច្បាប់ស្តីពីដែនសមុទ្រ》និង《សេចក្តីព្រាងច្បាប់ស្តីពីផ្លូវសមុទ្រ នៃប្រជុំកោះ》ដែលបានដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើន នៃប្រជុំកោះ Nanshaព្រមទាំងដែនសមុទ្រពាក់ព័ន្ធ នៃប្រទេសចិនទៅក្នុងដែនសមុទ្រហ្វីលីពីន ដោយខុសច្បាប់ ដែលប៉ុនប៉ងចង់ពង្រឹង ការកាត់ក្តីដោយខុសច្បាប់ នៃសំណុំរឿងមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង តាមរយៈទម្រង់នីតិប្បញ្ញត្តិក្នុងស្រុក។ ក្នុងរយៈពេល មិនដល់មួយខែផង ភាគីហ្វីលីពីនបានបំផុសការឈ្លានពានជុំថ្មី នៅសមុទ្រចិនខាងត្បូង គឺជាប្រតិបត្តិការជាក់ស្តែង ដែលគួបផ្សំនឹងការរំលោភសិទ្ធិតាមរយៈនីតិប្បញ្ញត្តិ។

ក្នុងបរិបទមួយទៀតគឺ៖ នៅចុងខែវិច្ឆិកា ភាគីអាមេរិកបានទទួលស្គាល់ជាលើកដំបូង នូវការដាក់ពង្រាយអ្វីដែលហៅថា "ក្រុមចាត់បញ្ជូនពិសេសថ្មប៉ប្រះទឹក Ren'ai" ដែលបង្កើតឡើងដោយទាហានអាមេរិក នៅប្រទេសហ្វីលីពីន។ ទង្វើនេះបានធ្វើឱ្យ ភាគីហ្វីលីពីនកាន់តែគឃ្លើនថែមទៀត ដែលធ្វើឱ្យប្រតិបត្តិការលើដែនសមុទ្ររបស់ហ្វីលីពីនរឹតតែព្រហើន និងប៉ុនប៉ងសម្រេចបាន នូវគោលបំណងជាច្រើន។

នៅថ្ងៃទី២ខែធ្នូ រដ្ឋាភិបាលចិន បានប្រគល់នូវ《សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ស្តីពីខ្សែមូលដ្ឋាន នៃដែនសមុទ្រកោះ Huangyan》និងផែនទីដែនសមុទ្រពាក់ព័ន្ធ ទៅឱ្យអង្គការសហប្រជាជាតិ។ នេះគឺជាការបំពេញកាតព្វកិច្ចរបស់ប្រទេសចិន ក្នុងនាមជាភាគីហត្ថលេខីនៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ហើយក៏ជាការអនុវត្តអធិបតេយ្យភាព និងយុត្តាធិការរដ្ឋបាលលើកោះ Huangyan ផងដែរ។ ប៉ុន្តែ នៅថ្ងៃដដែលនោះ ភាគីហ្វីលីពីនបានបំពានចូលសមុទ្រចិនខាងត្បូងម្តងទៀត វាច្បាស់ណាស់ថា គឺដើម្បីសាកល្បង នូវការដែលប្រទេសចិន នឹងចាត់វិធានការ ការពារសិទ្ធិនិងអនុវត្តច្បាប់បែបណា ​បន្ទាប់ពីប្រកាសពីខ្សែមូលដ្ឋានដែនសមុទ្រនៃកោះ Huangyan រួចមក។ នៅពីក្រោយនេះ ក៏មានការគិតគូររបស់រដ្ឋាភិបាលលោក Marcos ដែលចង់ផ្ទេរទំនាស់ក្នុងស្រុក និងស្វែងរកផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន ក៏ដូចជាពង្រឹងគំនិតប៉ុនប៉ង របស់ភាគីហ្វីលីពីន ដែលទទួលបានដោយខុសច្បាប់ និងពង្រីកការផ្តួចផ្តើមខុសច្បាប់ នៅសមុទ្រចិនខាងត្បូងផងដែរ។

ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវ និងជាប្រទេសជាប់មាត់សមុទ្រធំជាងគេ នៃសមុទ្រចិនខាងត្បូង ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ នូវការដោះស្រាយវិវាទ នៅសមុទ្រចិនខាងត្បូង តាមរយៈការចរចានិងពិគ្រោះពិភាក្សាគ្នា ជាមួយសាមីប្រទេសដោយផ្ទាល់ ទន្ទឹមនឹងនេះ ភាគីចិនបានត្រៀមលក្ខណៈគ្រប់គ្រាន់និងយល់ដឹងយ៉ាងច្បាស់លាស់ ចំពោះទិសដៅដែលអាចកើតមាន នៃវិវាទដែនសមុទ្រចិន-ហ្វីលីពីន និងបន្តគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដី និងសិទ្ធិដែនសមុទ្ររបស់ខ្លួន។ ប្រសិនបើភាគីហ្វីលីពីន នៅតែបន្តបង្កហេតុ នោះមុខជានឹងបង់ថ្លៃដ៏ឈឺចាប់ ដែលគួរទទួលជាក់ជាមិនខាន។

ចំណែកប្រទេសនៅក្រៅតំបន់មួយចំនួនតូច ដែលគាំទ្រហ្វីលីពីនបង្កហេតុនៅសមុទ្រចិនខាងត្បូង ពួកគេមិនដែលវាយតម្លៃ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ដោយឈរលើមូលដ្ឋាន នៃការបែងចែកខុសនិងត្រូវ និងប្រវត្តិសាស្ត្រនោះទេ បែរជាវាយប្រហារ និងលាបពណ៌លើ គោលនយោបាយសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន ដោយ "ពាក់វ៉ែនតាពណ៌" និងប្រើប្រាស់ "ស្តង់ដារពីរ"។ប៉ុន្តែ ពួកគេមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិទេ ហើយបានដើរបញ្ច្រាសពីទិសដៅជាមួយ និងសេចក្តីប្រាថ្នារួមរបស់អាស៊ាន ដែលចង់បានសន្តិភាព និងស្ថិរភាព នៅសមុទ្រចិនខាងត្បូងទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន