(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងថា មនុស្សរាប់សិបម៉ឺននាក់ ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំគ្នានាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីសម្តែងការតវ៉ាប្រឆាំង ប្រធានាធិបតីលោក Yoon Suk Yeol ក្រោយការព្យាយាមមិនបានសម្រេចរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤។

ប៉ូលិសរដ្ឋធានីសេអ៊ូល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការប្រមូលផ្តុំនិងដង្ហែក្បួនទ្រង់ទ្រាយធំ ជាមួយវត្តមានមនុស្សអាចប្រហែល​ខ្ទង់សែន នឹងត្រូវធ្វើឡើងនៅកណ្តាលទីក្រុង ព្រមទាំងនៅសង្កាត់ Yeouido នាថ្ងៃសៅរ៍សប្តាហ៍នេះ ហើយការរឹតត្បិតចរាចរណ៍ នឹងត្រូវដាក់ចេញសម្រាប់ដងផ្លូវមួយចំនួន។ បើតាមអ្នកនាំពាក្យទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង ក្រុមអ្នករៀបចំរំពឹងថា មនុស្សប្រហែល ២០០ ០០០នាក់ នឹងចូលរួម។

គួរបញ្ជាក់ថា លោក Yoon បានប្រកាសដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ត្រូវបានបង្ខំឱ្យដកចេញវិញ បន្ទាប់ពីក្រុមសមាជិកសភា បានបោះឆ្នោតជំទាស់ ហើយមនុស្សជាច្រើននាក់ បាននាំគ្នាចេញតវ៉ា។ ក្រុមគណបក្សប្រឆាំង បានដាក់សំណើរួចជាស្រេច ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ដកតំណែងលោក Yoon ដែលនឹងត្រូវសភាបោះឆ្នោតសម្រេច នាយប់ថ្ងៃសៅរ៍សប្តាហ៍នេះ៕