(វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក លោក Bill Nelson បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ អំពីការសម្រេចចិត្តពន្យារពេលថ្មីទៀត ក្នុងកម្មវិធី Artemis ដែលជាគម្រោងបញ្ជូនអវកាសយានិកទៅកាន់ផ្ទៃព្រះចន្ទ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Nelson បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការរបស់ NASA ថា បេសកកម្មបន្ទាប់នៃកម្មវិធី Artemis គឺការបញ្ជូនអវកាសយានិក ទៅក្រឡឹងជុំវិញព្រះចន្ទ ហើយវិលត្រឡប់មកផែនដីវិញ ត្រូវបានពន្យារពេលដល់ខែមេសា ឆ្នាំ២០២៦ ខណៈបេសកកម្មបន្ទាប់ពីនោះ គឺការបញ្ជូនអវកាសយានិកឱ្យចុះទៅដល់លើផ្ទៃព្រះចន្ទ ដោយប្រើយាន Starship របស់ក្រុមហ៊ុន SpaceX ត្រូវបានគ្រោងសម្រាប់ឆ្នាំ២០២៧។
យោងតាមលោក Nelson ប្រសិនបើយានចុះចតរបស់ SpaceX ត្រៀមលក្ខណៈរួចរាល់ NASA គ្រោងនឹងចេញបេសកកម្ម Artemis III នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៧។ លោក Nelson បានគូសបញ្ជាក់ថា វានឹងប្រព្រឹត្តទៅប៉ុន្មានឆ្នាំឯណោះ មុនផែនការរបស់ប្រទេសចិន ដែលគ្រោងបញ្ជូនអវកាសយានិក ទៅកាន់ផ្ទៃព្រះចន្ទ នៅឆ្នាំ២០៣០។
គួរបញ្ជាក់ថា កម្មវិធី Artemis ត្រូវបានបង្កើតឡើងដំបូងដោយ NASA អំឡុងរដ្ឋបាលអាណត្តិទី១ របស់លោក ដូណាល់ ត្រាំ ក្រោមគោលដៅបញ្ជូនអវកាសយានិកអាមេរិក ទៅកាន់ផ្ទៃព្រះចន្ទ សាជាថ្មីឡើងវិញ គិតចាប់តាំងពីបេសកកម្ម Apollo 17 របស់ NASA។ គិតត្រឹមចុងឆ្នាំ២០២៥ កម្មវិធី Artemis ត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយថវិកាសរុប ៩៣ពាន់លានដុល្លារ។ ផ្ទុយពីកម្មវិធី Apollo កម្មវិធី Artemis រួមបញ្ជូលនូវផែនការ សាងសង់មូលដ្ឋាននៅលើផ្ទៃព្រះចន្ទ ដែលនឹងជួយត្រួសត្រាយផ្លូវ សម្រាប់គោលដៅកាន់តែពោរពេញដោយមហិច្ឆតាថែមទៀត គឺការបញ្ជូនអវកាសយានិកទៅកាន់ភពអង្គារ (Mars)៕