(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ រដ្ឋមន្រ្តីការពារជាតិស្តីទីនៃប្រទេសកូរ៉េខាងត្បូង បានចេញមុខអះអាងថា ក្រសួងការពារជាតិ ព្រមទាំងយោធា នឹងមិនគោរពតាមដាច់ខាត ចំពោះបទបញ្ជាណាមួយផ្សេងទៀត ដែលចង់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ប្រសិនបើវា​ត្រូវបានប្រកាសសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។

ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ រដ្ឋមន្រ្តីការពារជាតិស្តីទីកូរ៉េខាងត្បូង លោក Kim Seon-ho បាននិយាយយ៉ាងដូច្នេះថា «ពាក្យចចាមអារ៉ាមកាលពីព្រឹកថ្ងៃនេះ ស្តីពីសញ្ញានៃការត្រៀមប្រកាសច្បាប់អាជ្ញាសឹកសាជាថ្មីនោះ គឺជារឿងមិនពិតឡើយ។ ទោះបី​មានបទបញ្ជាថ្មីទៀត ដែលបង្គាប់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសចេញក៏ដោយ គឺក្រសួងការពារជាតិ និងអគ្គសេនាធិការយោធាចម្រុះ នឹងមិនគោរពតាមជាដាច់ខាត»។ ការអត្ថាធិប្បាយរបស់លោក Kim Seon-ho ធ្វើឡើង បន្ទាប់ពីក្រុមសមាជិកសភាបក្សប្រឆាំង បានបង្ហាញក្តីបារម្ភអំពីលទ្ធភាព នៃការកើតមានជាថ្មី នូវការប្រកាសច្បាប់អាជ្ញាសឹក ក្រោយមានការអះអាងថា អង្គភាពយោធាមួយចំនួន ទទួលបានបញ្ជាឱ្យត្រៀមលក្ខណៈ ម្រាប់រឿងបន្ទាន់មួយ។

គួរបញ្ជាក់ថា លោក Yoon បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ក្នុងការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលបំផុតមួយ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ បានដកវាចេញវិញ បន្ទាប់ពីសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានបោះឆ្នោតជំទាស់។ អំឡុងពេលដាក់ចេញ​ច្បាប់អាជ្ញាសឹកនោះ យោធាបានដំណើរការទីបញ្ជាការអនុវត្តច្បាប់អាជ្ញាសឹក ដឹកនាំដោយប្រមុខកងទ័ពជើងគោក ដែលបន្ទាប់មក បានប្រកាសក្រឹត្យមួយ ហាមឃាត់រាល់សកម្មភាពនយោបាយ ហើយបានចល័តកងកម្លាំងប្រតិបត្តិការពិសេស ឱ្យសម្រុកចូលក្នុង​អគារសភាកូរ៉េខាងត្បូង។

លោក Kim Seon-ho ដែលជាអនុរដ្ឋមន្រ្តីការពារជាតិ បានឡើងកាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិស្តីទី ក្រោយពីអតីតរដ្ឋមន្រ្តីការពារជាតិ លោក Kim Yong-hyun ដែលជាអ្នកស្នើយោបល់ឱ្យលោក Yoon ប្រកាសច្បាប់អាជ្ញាសឹក បានលាលែងពីតំណែង។ សម្រាប់លោក Yoon ផ្ទាល់ នាពេលនេះ កំពុងប្រឈមមុខជាមួយ ការត្រៀមបោះឆ្នោតនៅសភា លើនីតីវិធីចោទប្រកាន់ ដើម្បីដកតំណែងរូបលោក ដែលនឹងធ្វើឡើងនាថ្ងៃសៅរ៍សប្តាហ៍នេះ៕