(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់សមភាគីកូរ៉េខាងត្បូងថា ទីក្រុងវ៉ាស៉ីនតោនមានការជឿជាក់ ចំពោះភាពធុនរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា លោក Blinken បានជជែកគ្នាជាមួយ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul ក្រោយស្ថានការណ៍វិវត្តន៍គួរឱ្យបារម្ភជាខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ខណៈវាគឺជាកិច្ចសន្ទនាលើកដំបូងរវាងអ្នកទាំងពីរ បន្ទាប់ពីការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ។
បើតាមលោក Miller ក្នុងជំនួបខាងលើ លោក Blinken បានបង្ហាញការស្វាគមន៍ ចំពោះការដកច្បាប់អាជ្ញាសឹកចេញវិញ និងបានសម្តែងការជឿជាក់ ក្នុងភាពធុនរឹងមាំ នៃលទ្ធិប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង ហើយបញ្ជាក់ជាថ្មី នូវការប្តេជ្ញាយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ រីឯក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ពីក្រសួងការបរទេសអាមេរិក លោក Blinken បានប្រាប់លោក Cho ថា រូបលោករំពឹងថា ដំណើរការប្រជាធិបតេយ្យ នឹងទទួលបានជ័យជម្នះ។
គួរបញ្ជាក់ថា លោក Yoon Suk Yeol បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេស កាលពីយប់ថ្ងៃអង្គារ មុនពេលត្រូវបានបង្ខំឱ្យដកចេញវិញ ក្រោយក្រុមសមាជិកសភាកូរ៉េខាងត្បូង បានរួមគ្នាបោះឆ្នោតឱ្យដកវិធានការនោះជាបន្ទាន់។ លោក Yoon ដែលមានអាយុ៦៣ឆ្នាំ នាពេលនេះ កំពុងប្រឈមការបោះឆ្នោតនៅសភា លើនីតិវិធីចោទប្រកាន់ ដើម្បីដកហូតតំណែង របស់លោក៕