Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការពារជាតិអាមេរិក លុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ក្រោយការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក (Video inside)

06-12-2024 13:39

(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិក២រូប បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin លែងមានគម្រោងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូងទៀតហើយ បន្ទាប់ពីការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មន្រ្តីអាមេរិកខាងលើបាននិយាយថា ការរៀបចំថ្មីត្រូវបានប្រព្រឹត្តទៅ សម្រាប់ការធ្វើទស្សនកិច្ច ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ប៉ុន្តែសម្រាប់ពេលនេះ គឺវាមិនមែនជាពេលសមរម្យមួយឡើយ ហើយភាគីកូរ៉េខាងត្បូង ក៏ត្រូវបានប្រឹក្សាយោបល់ អំពីការផ្លាស់ប្តូរ​ផែនការធ្វើទស្សនកិច្ចផងដែរ។ លោក Austin នឹងត្រូវចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ ពេលដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ស្បថចូលកាន់តំណែងជាផ្លូវការ។

គួរបញ្ជាក់ថា គម្រោងទស្សនកិច្ចរបស់លោក Austin ទៅកូរ៉េខាងត្បូង គឺចំពេលដ៏សំខាន់មួយ ពាក់ព័ន្ធភូមិសាស្រ្តនយោបាយ ក្នុងតំបន់។ ក្រុមមន្រ្តីអាមេរិកនិងកូរ៉េខាងត្បូង បានអះអាងថា ទាហានកូរ៉េខាងជើងជាង ១០ ០០០នាក់ ត្រូវបញ្ជូនទៅកាន់រុស្ស៉ី ដើម្បីចូលរួមប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន។ កាលពីខែមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី ហើយបានសន្យាពង្រីកទំនាក់ទំនង ជាមួយទីក្រុងមូស្គូ លើគ្រប់វិស័យ រួមមានទាំងវិស័យយោធា។ មិនតែប៉ុណ្ណោះ សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​​ ដែលត្រូវបានចុះហត្ថលេខារវាងលោក គីម និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមិថុនា ក្នុងនោះ រួមមានទាំងការព្រមព្រៀងជួយការពារគ្នាទៅវិញមក ទើបតែ​ចូលជាធរមាន ក្នុងសប្តាហ៍នេះ៕