(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថាលោកបានជ្រើសរើសអតីតសមាជិកព្រឹទ្ធសភា លោក David Perdue សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការប្រកាសខាងលើ នៅក្នុងការបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។ «លោក (David Perdue) នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្ញុំ ដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ហើយធ្វើការទំនាក់ទំនងប្រកបដោយផលិតភាពជាមួយមេដឹកនាំចិន»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។

លោក ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននិយាយថាលោកនឹងដំឡើងពន្ធបន្ថែម១០ភាគរយលើទំនិញ នាំចូលពីចិន រហូតទាល់តែទីក្រុងប៉េកាំងប្រឹងប្រែងបន្ថែមដើម្បីចូលរួមបញ្ឈប់ការជួញដូរថ្នាំញៀន fentanyl ចូលទៅកាន់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ប្រធានាធិបតី ជាប់ឆ្នោតរូបនេះក៏បានគំរាមយកពន្ធ ៦០ភាគរយ លើទំនិញចិនផងដែរ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕