(គូឡាឡាំពួ)៖ គណៈកម្មការស៉ើបសួរ RCI នៃប្រទេសម៉ាឡេស៉ី បានស្នើឱ្យបើកការស៉ើបអង្កេត ប្រឆាំងអតីតនាយករដ្ឋមន្រ្តី លោក Mahathir Mohamad ជុំវិញការសម្រេចចិត្តមួយ ដែលបានបោះបង់ចោលការទាមទារ កូនកោះចំនួន២ ដែលមានបញ្ហាវិវាទ នៅច្រកសមុទ្រសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។

​នាយករដ្ឋមន្រ្តីម៉ាឡេស៉ីបច្ចុប្បន្ន គឺលោក Anwar Ibrahim កន្លងមកធ្លាប់បានអំពាវនាវ ឱ្យពិនិត្យឡើងវិញលើ ការសម្រេចចិត្ត​របស់រដ្ឋាភិបាល កាលពីឆ្នាំ២០១៨ ធ្វើឡើងនៅពេលលោក Mahathir ជានាយករដ្ឋមន្រ្តី ដែលបានមើលឃើញ ម៉ាឡេស៉ីដក​សំណើរបស់ខ្លួន ដែលមានគោលដៅតវ៉ា សេចក្តីសម្រេចឆ្នាំ២០០៨ របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ។ សេចក្តីសម្រេចនោះ បានកំណត់ថា ប្រទេសសិង្ហបុរី ជាអ្នកមានអធិបតេយ្យលើ កូនកោះឈ្មោះថា Pedra Branca។

កាលពីឆ្នាំ២០១៧ ម៉ាឡេស៉ីបានព្យាយាមប្រែក្រឡាស់សេចក្តីសម្រេចខាងលើវិញ ហើយក៏បានស្នើឱ្យតុលាការ ICJ ផ្តល់ការបញ្ជាក់ អំពី​ស្ថានភាពកូនកោះមានវិវាទមួយទៀត ហៅថា South Ledge ផងដែរ។ មួយឆ្នាំក្រោយមក សំណើទាំងពីរ ត្រូវបានដកចេញវិញ អំឡុងពេលលោក Mahathir កាន់តំណែងអាណត្តិទី២ ក្នុងនាមជានាយករដ្ឋមន្រ្តីម៉ាឡេស៉ី។

គួរបញ្ជាក់ថា របាយការណ៍ដែល RCI បានដាក់ទៅកាន់សភាម៉ាឡេស៉ី បានផ្តល់អនុសាសន៍ឱ្យ លោក Mahathir ដែលសព្វថ្ងៃ មានអាយុ៩៩ឆ្នាំ ត្រូវរងការស៉ើបអង្កេត ជុំវិញការដកសំណើ ពាក់ព័ន្ធកូនកោះមានវិវាទទាំងពីរខាងលើ ក្រោមហេតុផលថា ក្នុងនាម​ជានាយករដ្ឋមន្រ្តី វាគឺជាការទទួលខុសត្រូវរបស់លោក ក្នុងការការពារផលប្រយោជន៍ និងអធិបតេយ្យរបស់ ប្រទេសម៉ាឡេស៉ី។ នៅក្រោមក្រមព្រហ្មទណ្ឌម៉ាឡេស៉ី ជនដែលត្រូវបានរកឃើញថា ពិតជាមានទោសពីបទល្មើសខាងលើ ប្រឈមការជាប់ពន្ធនាគារ រហូតដល់៧ឆ្នាំ៕