(ហ្សាការតា)៖ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រទេសជា​សមាជិកអាស៊ាន កំពុងគ្រោងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៅឯប្រទេសថៃ ក្នុងខែធ្នូនេះ ដើម្បីពិភាក្សាគ្នាអំពីវិបត្តិរាំរ៉ៃនៅមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។

អ្នកនាំពាក្យខាងលើ បាននិយាយថា ក្រោមការអញ្ជើញរបស់ឡាវ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន កិច្ចប្រជុំនោះនឹងជជែកអំពីវិធី ដើម្បីដោះស្រាយវិបត្តិ ដែលបានញាំញីមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ក្នុងនោះរួមមានទាំងមធ្យោបាយ ដើម្បីអនុវត្ត​ផែនការសន្តិភាព៥ចំណុច របស់អាស៊ាន។ ផែនការរបស់អាស៊ាន ទទួលបានវឌ្ឍនភាពតិចតួចបំផុត ចាប់តាំងពីត្រូវបានព្រមព្រៀងគ្នាដំបូង កាលពីខែមេសា ឆ្នាំ២០២១ ពោលគឺជាង២ខែ ក្រោយរដ្ឋប្រហារ។ កិច្ចប្រជុំរដ្ឋមន្រ្តីនៅប្រទេសថៃ ត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ខែធ្នូ។

គួរបញ្ជាក់ថា រដ្ឋាភិបាលយោធា បាននិងកំពុងបន្តទប់ទល់ចលនាបះបោរប្រដាប់អាវុធ ដែលប្រឆាំងរដ្ឋប្រហាររបស់ខ្លួន ហើយបាន​ព្រងើយកន្តើយចំពោះការអំពាវនាវ ពីសំណាក់ក្រុមប្រទេសអាស៊ាន ដែលចង់ឱ្យបញ្ឈប់អរិភាព និងព្រមចរចាជាមួយក្រុមប្រឆាំង។ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែតុលា អាស៊ានបានអំពាវនាវឱ្យបញ្ឈប់ អំពើហិង្សាជាបន្ទាន់ នៅមីយ៉ាន់ម៉ា ហើយបង្កើតបរិយាកាសអំណោយផល សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតកិច្ចសន្ទនារួបរួមជាតិ៕