(សេអ៊ូល)៖ មន្រ្តីប៉ូលិសជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា ប៉ូលិសកូរ៉េខាងត្បូង បានចាប់ផ្តើមការស៉ើបអង្កេតលើ ប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធការចោទប្រកាន់ថា រូបលោកបានប្រព្រឹត្តអំពើក្បត់ជាតិ តាមរយៈការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។
ការស៉ើបអង្កេតខាងលើធ្វើឡើង ក្រោយប៉ូលិសកូរ៉េខាងត្បូង ទទួលបានពាក្យបណ្តឹងចំនួន២ គឺមួយពីគណបក្សប្រឆាំង Rebuilding Korea Party និងមួយទៀតពីក្រុមសកម្មជន ចំនួន៥៩នាក់។ ពាក្យបណ្តឹងនោះ មិនត្រឹមចោទប្រកាន់ លោក Yoon ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចោទ អតីតរដ្ឋមន្រ្តីការពារជាតិ លោក Kim Yong-hyun, ប្រមុខកងទ័ព លោក Park An-su និងរដ្ឋមន្រ្តីមហាផ្ទៃ លោក Lee Sang-min ពីបទក្បត់ជាតិ ក៏ដូចជាពីបទចោទប្រកាន់ដទៃទៀត សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ រីឯខាង ការិយាល័យរដ្ឋអាជ្ញា និងការិយាល័យស៉ើបអង្កេតអំពើពុករលួយលើមន្រ្តីជាន់ខ្ពស់ ក៏បានទទួលពាក្យបណ្តឹងចោទប្រកាន់ លោក Yoon និងមន្រ្តីរបស់លោក ពីបទក្បត់ជាតិ ផងដែរ។
ក្នុងសប្តាហ៍នេះ លោក Yoon បានបង្កភាពរំជើបរំជួបជាខ្លាំងទូទាំងប្រទេសកូរ៉េខាងត្បូង ក្រោយប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ទាំងកណ្តាលយប់កាលពីថ្ងៃអង្គារ។ វាគឺជាលើកដំបូងបំផុត ដែលច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញ ក្នុងរយៈពេលជាង៤ទសវត្សរ៍។ យ៉ាងណាក្តី នៅប៉ុន្មានម៉ោងក្រោយ ក្រុមសមាជិកសភាកូរ៉េខាងត្បូង បានរួមគ្នាបោះឆ្នោតដើម្បីដកច្បាប់អាជ្ញាសឹកវិញ។ នាពេលនេះ អនាគតរបស់លោក Yoon ដែលបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឆ្នាំ២០២២ ហាក់មិនច្បាស់លាស់ជាខ្លាំង។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ គណបក្សប្រឆាំងចំនួន៦ បាននាំគ្នាដាក់សំណើ ទៅកាន់សភា ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងលោក Yoon។ សំណើនោះ បានអះអាងថា លោក Yoon បានបំពានរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេស ហើយចោទប្រកាន់ថា រូបលោក បានព្យាយាមដាក់ចេញច្បាប់អាជ្ញាសឹក ដើម្បីគេចវេះពីការស៉ើបអង្កេត លើសកម្មភាពខុសច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធជាមួយលោក និងគ្រួសាររបស់លោក។
យ៉ាងណាមិញ គណបក្សកាន់អំណាច បាននិយាយថា សមាជិកសភាទាំងអស់របស់ខ្លួន នឹងបោះឆ្នោតជំទាស់លើ សំណើរបស់ក្រុមបក្សប្រឆាំង ប៉ុន្តែមេដឹកនាំបក្សកាន់អំណាច បានស្នើឱ្យលោក Yoon ចាកចេញពីបក្ស។ សភាកូរ៉េខាងត្បូង នឹងបោះឆ្នោតលើសំណើដែលសំដៅដំណើរការចោទប្រកាន់ដកតំណែង លោក Yoon នៅយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕