(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ ទី៤ ខែធ្នូ មេទ័ពកំពូលអាមេរិក លោក C.Q. Brown បានជជែកគ្នាតាមទូរស័ព្ទ ជាមួយមេទ័ពកំពូលរុស្ស៉ី លោក Valery Gerasimov កាលពីសប្តាហ៍មុន ចំពោះមុខភាពតានតឹង ដោយសារ​វិបត្តិសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យរបស់លោក Brown បាននិយាយថា មេដឹកនាំយោធាទាំងពីររូប បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ពាក់ព័ន្ធសន្តិសុខក្នុងតំបន់និងសកល រួមមានទាំងបញ្ហាជម្លោះនៅអ៊ុយក្រែន។ វាគឺជាកិច្ចសន្ទនាលើកដំបូងរវាងអ្នកទាំងពីរ។ យោងតាមអ្នកនាំពាក្យ ការនិយាយទូរស័ព្ទនោះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមសំណើរបស់លោក Gerasimov ផ្ទាល់។ លោក Brown បានក្លាយជាមេទ័ពកំពូលថ្មីរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្លាំង ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៉ីលរបស់​អាមេរិកនិងអង់គ្លេស ជាលើកដំបូង វាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៉ី។ ជាការឆ្លើយតប រុស្ស៉ីបានបាញ់មីស៉ីលបាលិស្ទីគថ្មីល្បឿនលឿនជាងសំឡេង និងមានកម្រិតរយៈចម្ងាយ IRBM លើអ៊ុយក្រែន ជាលើកដំបូងដូចគ្នា។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថែមទាំងបានពង្រីកលក្ខខណ្ឌបន្ថែមទៀត សម្រាប់គោលការណ៍នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៉ី ដើម្បីព្រមានដល់ក្រុមលោកខាងលិច៕