(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នាថ្ងៃព្រហស្បតិ៍នេះថា សន្ធិសញ្ញាភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលត្រូវបានព្រមព្រៀងគ្នា ដោយមេដឹកនាំកូរ៉េខាងជើងនិងរុស្ស៉ី កាលពីខែមិថុនា ឆ្នាំនេះ បានចូលជាធរមានជាផ្លូវការហើយ កាលពីថ្ងៃពុធ ទី៤ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។

សន្ធិសញ្ញាខាងលើ ត្រូវបានចុះហត្ថលេខា អំឡុងដំណើរបំពេញទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មកកាន់​ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ហើយរូបលោក បានបើកកិច្ចប្រជុំកំពូលជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នៅក្នុងសន្ធិសញ្ញានោះ រួមមានទាំងកិច្ចព្រមព្រៀងជួយការពារគ្នាទៅវិញទៅមកភ្លាមៗ ប្រសិនបើភាគីណាមួយ ប្រឈមមុខការឈ្លានពានប្រដាប់អាវុធ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក រុស្ស៉ីបានបង្កើនទំនាក់ទំនងកាន់តែរឹងមាំខ្លាំងជាងមុន ជាមួយកូរ៉េខាងជើង ជាពិសេសកិច្ចសហប្រតិបត្តិការវិស័យយោធា។ ក្រៅពីផ្តល់សព្វាវុធ ទីក្រុងព្យុងយ៉ាង ក៏រងការចោទប្រកាន់ថា បានបញ្ជូនទាហាន​ប្រមាណជាង ១០ ០០០នាក់ ដើម្បីទៅជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ផ្ទាល់តែម្តង ផងដែរ។ យ៉ាងណាមិញ ភាគីទាំងពីរនៅតែបន្ត​ប​ដិសេធ ចំពោះការចោទប្រកាន់ទាំងនេះ ពោលគឺមិនថាការបញ្ជូនកងទ័ព ឬមួយក៏ការបញ្ជូនគ្រាប់រំសេវរាប់ពាន់កុងតឺន័រ កាំភ្លើងធំ និង​ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នោះឡើយ៕