ទាហានវៀតណាម១២នាក់ ស្លាប់ក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងពេលដឹកជញ្ជូនគ្រឿងផ្ទុះ (Video inside)
05-12-2024 13:04
(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ទាហានវៀតណាម១២នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងការហ្វឹកហ្វឺនយោធា នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។
ហេតុការណ៍ខាងលើ បានកើតឡើង នៅបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Dong Nai តាំងតែពីយប់ថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ប៉ុន្តែទើបត្រូវបានរាយកាណ៍ឱ្យដឹងជាសាធារណៈ។ យោងតាមការស៉ើបអង្កេតបឋម អាជ្ញាធរជឿថា បាតុភូតរន្ទះបាញ់ អំឡុងពេលមានព្យុះភ្លៀងខ្លាំងមួយ បានបង្កឱ្យឧបករណ៍អេឡិចត្រូនិកសម្រាប់បញ្ជាគ្រឿងផ្ទុះ បញ្ជូនសញ្ញាចេញដោយអចេតនា ខណៈដែលក្រុមទាហានកំពុងតែដឹកជញ្ជូនគ្រឿងផ្ទុះ សម្រាប់ប្រើក្នុងសកម្មភាពហ្វឹកហ្វឺន។
គួរបញ្ជាក់ថា មកទល់ពេលនេះ សាកសពជនរងគ្រោះភាគច្រើន គឺត្រូវបានរកឃើញហើយ ប៉ុន្តែអាជ្ញាធរវៀតណាម នៅបន្តស្វែងរកទាហានមួយចំនួនទៀត ដែលបាត់ខ្លួន៕