(សេអ៊ូល)៖ សភារបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានដាក់ចេញហើយនូវសំណើដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញ ការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកបរាជ័យ ប៉ុន្តែគណបក្សកាន់អំណាចរបស់លោកបានសន្យាថានឹងបោះឆ្នោតប្រឆាំងដែលធ្វើឱ្យនីតិវិធីនេះស្ថិតនៅក្នុងភាពសង្ស័យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សភាកូរ៉េខាងត្បូងត្រូវបានគេរំពឹងថាអាចនឹងបោះឆ្នោតលើសំណើដំណើរការនីតិវិធីដកតំណែងលោក Yoon នៅក្នុងសប្ដាហ៍នេះ ខណៈគណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចរបស់ លោក Yoon បាននិយាយថាពួកគេនឹងបោះឆ្នោតប្រឆាំង។ គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា ត្រូវការសំឡេងគាំទ្រពីសមាជិកសភាយ៉ាងហោច ៨រូប មកពីគណបក្សកាន់អំណាច ដើម្បីអាចដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងលោក Yoon។ «ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករបស់របប លោក Yoon Suk Yeol បានបង្កឱ្យមាន ភាពច្របូកច្របល់យ៉ាងខ្លាំង និងបង្កការភ័យខ្លាចនៅក្នុងចំណោមប្រជាជនរបស់យើង»។ នេះជាការគូសបញ្ជាក់របស់លោក Kim Seung-won ជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ប្រាប់ទៅកាន់សម័យប្រជុំសភាកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា ដើម្បីអាចទម្លាក់លោក Yoon ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ២ ភាគ៣ ឬពីសមាជិកសភា ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យ ដែលជា បក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង និងគណបក្សប្រឆាំងជាដៃគូតូចៗផ្សេងទៀត មានសំឡេង ១៩២អាសនៈនៅក្នុងសភា ខណៈគណបក្សអំណាចប្រជាជនរបស់លោក Yoonមាន១០៨អាសនៈ៕