យន្តហោះរុស្ស៊ី និងស៊ីរី បង្កើនការទម្លាក់គ្រាប់បែកលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគពាយ័ព្យប្រទេស (Video inside)
01-12-2024 22:17
(អាម៉ាន់)៖ យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានបន្តការវាយប្រហារតាមអាកាស ទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគពាយ័ព្យប្រទេសស៊ីរី សម្រាប់ថ្ងៃទីពីរជាប់គ្នានៅថ្ងៃអាទិត្យនេះ បន្ទាប់ពីក្រុមឧទ្ទាមបានវាយលុកចូលទៅក្នុងទីក្រុង Aleppo កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារតាមអាកាស បានកំណត់គោលដៅ ទៅលើទីក្រុង Idlib ដែលជាទីក្រុងធំជាងគេ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។ យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និងរាប់សិបនាក់ទៀត បានរងរបួសក្នុងការវាយប្រហារនេះ។ កងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរុស្ស៊ី បានបញ្ជាក់ថា ពួកគេកំណត់គោលដៅតែលើក្រុមឧទ្ទាម និងបានបដិសេធការចោទប្រកាន់ថា បានវាយប្រហារលើជនស៊ីវិល។
គួរបញ្ជាក់ថា ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមបានវាយលុកចូលទៅក្នុងទីក្រុង Aleppo កាលពីយប់ថ្ងៃសុក្រ ដែលជាការប្រយុទ្ធដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សង្រ្គាមស៊ីវិលនៅស៊ីរី គឺជាបញ្ហាដ៏ស្មុកស្មាញបំផុត ថ្បិតថាមានភាគីជាច្រើនចូលរួមនៅក្នុងសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍មកនេះ និងបានបំផ្លាញប្រទេស និងបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសរាប់លាននាក់៕