Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនដោះលែងជនជាតិអាមេរិក ៣នាក់ ក្រោយកិច្ចប្រឹងប្រែងការទូត អស់ច្រើនឆ្នាំ

28-11-2024 16:00

(ប៉េកាំង)៖ សេតវិមាន បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ចិនបានដោះលែង លោក Mark Swidan លោក Kai Li និងលោក John Leung ឱ្យមានសេរីភាពឡើងវិញ ដែលជាការបញ្ចប់កិច្ចប្រឹងប្រែងចរចាគ្នា តាមមធ្យោបាយការទូត អស់រយៈពេលច្រើន​ឆ្នាំ ​ជុំវិញបញ្ហា​ជនជាតិ​អាមេរិក​ ដែល​ក្រុង​វ៉ាស៉ីនតោន​និយាយថា​ ពួកគេត្រូវបាន​ឃុំខ្លួន​ដោយ​ខុសឆ្គង​ នៅក្នុង​ប្រទេស​ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆកា ឆ្នាំ ២០២៤។

ជាការឆ្លើយតប រដ្ឋបាលលោក បៃដិន បានធ្វើឱ្យប្រសើរឡើងវិញ នូវសេចក្តីណែនាំអំពីការធ្វើដំណើររបស់ខ្លួន សម្រាប់ប្រទេសចិន ខណៈដែលចំណាត់ការនេះទីក្រុងប៉េកាំងចង់បានជាយូរមកហើយ ប៉ុន្តែកន្លងមកមន្ត្រីអាមេរិកចងភ្ជាប់រឿងនេះ ទៅនឹងការឃុំខ្លួនជនជាតិអាមេរិក។ ទីប្រឹក្សាសន្តិសុខជាតិ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «ឆាប់ៗនេះអ្នកទាំង ៣នឹងត្រលប់មកជួបជុំក្រុមគ្រួសារពួកគេវិញ»។ លោក Harrison Li ដែលជាកូនប្រុសរបស់ លោក Kai Li បានឱ្យដឹងថា ឱពុកគាត់រំពឹងថាមកដល់សហរដ្ឋអាមេរិក តាមមូលដ្ឋាន San Antonio រដ្ឋតិចសាស់ នៅយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា មន្រ្តីអាមេរិកម្នាក់ បាននិយាយថា លោក បៃដិន ធ្លាប់បញ្ជាក់ទៅកាន់ លោក ស៉ី ជីនពីង អំពីបំណងឱ្យជនជាតិអាមេរិកទាំង ៣នាក់ត្រលប់មកប្រទេសវិញ នៅពេលជួបគ្នាអំឡុងកិច្ចប្រជុំក្នុងប្រទេសប៉េរូ៕