Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ជជែកគ្នាពីបញ្ហាអន្តោប្រវេសន៍ ចំពោះមុខការគំរាមដាក់ពន្ធ

28-11-2024 11:55

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានឱ្យដឹងថា ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បានព្រមព្រៀងជាមួយលោក ដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

តាមបណ្តាញសង្គម Truth Social លោក ត្រាំ និយាយថា «មានកិច្ចសន្ទនាដ៏ល្អ ជាមួយប្រធានាធិបតីម៉ិកស៉ិក។ លោកស្រីប្រធានាធិបតី បានយល់ព្រមបញ្ឈប់ការធ្វើចំណាកស្រុក ចេញពីម៉ិកស៉ីកចូលមកអាមេរិក ដែលនឹងធ្វើឱ្យការ​បិទ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​យើង​ កាន់តែមាន​ប្រសិទ្ធភាព»។ លោកស្រី Sheinbaum បានឆ្លើយតបទៅលោក ត្រាំ ថា «លោកស្រី បានពន្យល់ពីយុទ្ធសាស្ត្រដ៏ទូលំទូលាយ ស្តីពីការធ្វើចំណាកស្រុកបច្ចុប្បន្នរបស់ម៉ិកស៉ិក ហើយជន​អន្តោប្រវេសន៍ចម្រុះជាតិសាសន៍ នឹងបានដឹងពីយុទ្ធសាស្រ្តនេះ មុន​ពួក​គេ​សម្រេចចិត្តទៅ​កាន់​ព្រំដែន។ គោលជំហរ​របស់​ម៉ិកស៉ិក គឺ​មិនមែនជាការ​បិទ​ទ្វារព្រំដែន​ទេ ប៉ុន្តែ​ជាការតភ្ជាប់ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ប្រជាជន»

គួរបញ្ជាក់ថា ការចាត់ទុកសំណើស្តីពីបញ្ហាអន្តោប្រវេសន៍ជារឿងវិជ្ជមាន កើតមានឡើង បន្ទាប់ពីលោកត្រាំ គំរាមដាក់ពន្ធ ២៥ភាគរយលើម៉ិកស៉ីក។ បញ្ហាអន្តោប្រវេសន៍ត្រូវបាន លោក ត្រាំ ចាត់ទុកជារឿងអាទិភាព ហើយប្តេជ្ញាប្រកាសភាពអាសន្នជាតិ ស្តីពីសន្តិសុខតាមព្រំដែន និងប្រើប្រាស់យោធាអាមេរិក ឱ្យនិរទេសជនចំណាកស្រុកគ្មានឯកសារស្របច្បាប់ចេញពីប្រទេស៕