
NATO បញ្ជាក់ឡើងវិញនូវការគាំទ្រអ៊ុយក្រែន ក្រោយការបាញ់មីស៉ីលបាលីស្ទីគរបស់រុស្ស៉ី
27-11-2024 15:39
(ព្រុចសែល)៖ សមាជិកអង្គការណាតូ (NATO) បានគូសបញ្ជាក់ឡើងវិញនូវការគាំទ្រចំពោះទីក្រុងកៀវ អំឡុងកិច្ចពិភាក្សារវាងក្រុមមន្រ្តី ជុំវិញចំណាត់ការឆ្លើយតបទៅនឹងការបាញ់មីស៉ីលបាលីស្ទីគរបស់រុស្ស៉ី លើអ៊ុយក្រែនកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ឯកអគ្គរដ្ឋទូតតំណាងឱ្យប្រទេសជាសមាជិកទាំង ៣២ របស់ណាតូ បានទទួលរបាយការណ៍ពីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ ស្នើឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន ដែលជាវេទិកាកិច្ចសហប្រតិបត្តិការគ្នា។ លោកស្រី Nataliia Galibarenko ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំណាតូ គូសបញ្ជាក់ថា «ប្រធានទីភ្នាក់ងារស៉ើបការណ៍សម្ងាត់យោធា និងមេបញ្ជាការស្តីទីនៃកងទ័ពអាកាសអ៊ុយក្រែន បានចូលរួមប្រជុំតាមអនឡាញ ហើយរាយការណ៍ជូនសម្ព័ន្ធភាពណាតូ អំពីការវាយប្រហាររបស់រុស្ស៉ី និងលទ្ធភាពនៃផលវិបាក»។ លោកស្រីបន្ថែមថា «អ្នកទាំងពីរបានសង្កត់ធ្ងន់ទៅកាន់ដៃគូថា ការវាយប្រហារដ៏សាហាវនេះ គឺរុស្ស៉ីចង់បង្ហាញកម្លាំងយោធា និងប៉ុនប៉ងបំភិតបំភ័យសម្ព័ន្ធមិត្ត»។
ក្រោយកិច្ចប្រជុំ ណាតូបានចេញសេចក្តីថ្លែងការណ៍រួមមួយថា «ការវាយប្រហាររបស់រុស្ស៉ីលើតំបន់ Dnipro ត្រូវបានមើលឃើញថាជាការប៉ុនប៉ងថ្មីទៀត ដើម្បីវាយប្រហារប្រជាជនស៉ីវិលនៅអ៊ុយក្រែន និងបំភិតបំភ័យអ្នកដែលជួយគាំទ្រអ៊ុយក្រែន ខណៈកំពុងការពារខ្លួន ប្រឆាំងសកម្មភាពឈ្លានពានខុសច្បាប់»។
គួរបញ្ជាក់ថា លោក ពូទីន បានអះអាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទីក្រុងមូស្គូបានវាយប្រហារទីតាំងយោធាអ៊ុយក្រែន ជាមួយនិងមីស៉ីលផ្លោងរយៈចម្ងាយមធ្យមថ្មីមួយទៀត ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យទីក្រុងកៀវវាយប្រហារទឹកដីរុស្ស៉ី ដោយប្រើអាវុធទំនើបៗរបស់លោកខាងលិច៕