(ស៉ីដនី)៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយថា រូបលោកសង្ឃឹមថា រដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយសម្ព័ន្ធមិត្តដូចជាអូស្រ្តាលី និងនូវែលសេឡង់ នៅប៉ាស៉ីហ្វិក ចំពោះមុខការប្រកួតប្រជែងផ្នែកយុទ្ធសាស្រ្តដ៏មុតស្រួចបំផុតជាមួយចិន ហើយមិនដកខ្លួនចេញពីតំបន់នេះ។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឆ្លើយតបចំពោះការពង្រីកវត្តមានរបស់ចិន នៅតាមបណ្តាប្រទេសប្រជុំកោះប៉ាស៉ីហ្វិក រដ្ឋបាលប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានងាកមកបង្កើនសកម្មភាពការទូត និងកិច្ចសហប្រតិបត្តិការលើ ហេដ្ឋារចនាសម្ព័ន្ធ ការល្បាតដែនសមុទ្រ និងការពារជាតិ ជាដើម ជាមួយប្រទេសទាំងនោះ។

អំឡុងសន្និសីទមួយនៅទីក្រុងស៉ីដនី លោក Campbell បាននិយាយថា ក្តីសង្ឃឹមរបស់លោក គឺចង់ឃើញសហរដ្ឋអាមេរិក នឹងអាចជម្នះផ្នត់គំនិតនៃការផ្តោតតែលើខ្លួន និងការដាក់ផលប្រយោជន៍ខ្លួនឯងចម្បងដាច់គេ ហើយទទួលស្គាល់ថា ការធ្វើការជាមួយ​ដៃគូនិងសម្ព័ន្ធមិត្ត ទើបអាចមានភាពខ្លាំងក្លារឹងមាំ។ លោក Campbell បានបន្តថា តំបន់ប៉ាស៉ីហ្វិក គឺជាកន្លែងមានភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញ ហើយចិនមិនឈប់នោះឡើយ ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ដូច្នេះហើយ ទើបអាមេរិក ត្រូវតែប្រឹងប្រែងថែមទៀត ហើយធ្វើការថែមទៀតជាមួយអូស្រ្តាលី និងនូវែលសេឡង់។ ជាចុងក្រោយលោក Campbell បានលើកឡើងថា រូបលោកសង្ឃឹមថា អនាគតរដ្ឋមន្រ្តីការបរទេសអាមេរិកថ្មី ព្រមទាំងរដ្ឋបាលលោក ត្រាំ នឹងអាចទទួលស្គាល់ថា នេះគឺជាពេលវេលាមួយ នៃការប្រកួតប្រជែងផ្នែកយុទ្ធសាស្រ្តដ៏មុតស្រួចបំផុតមួយ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតសាជាថ្មី ក្នុងខែវិច្ឆិកានេះ ហើយរូបលោកនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ដើម្បីត្រឡប់មកដឹកនាំ សហរដ្ឋអាមេរិកជាលើកទីពីរ នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។ លោក ត្រាំ ធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក បានមួយអាណត្តិចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១៕