(ហ្កាហ្សា)៖ ក្នុងពេលចុះទៅកាន់តំបន់ហ្កាហ្សា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារ សម្រាប់អ្នកដែលអាចរំដោះចំណាប់ខ្មាំងចេញពីតំបន់នេះបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Netanyahu បានចុះទៅដល់ច្រករបៀង Netzarim ដែលយោធាអ៉ីស្រាអែលកំពុងកាន់កាប់ ខណ្ឌចែកភាគខាងត្បូង និងខាងជើងនៃតំបន់ហ្កាហ្សា។ លោកគូសបញ្ជាក់នៅពេលនោះថា «ចំពោះអ្នកដែលចង់ចាកចេញពីកន្លែងជាប់គាំងនេះ ខ្ញុំចង់និយាយថា នរណាដែលអាចនាំចំណាប់ខ្មាំង ចាកចេញបានដោយសុវត្ថិភាព យើងក៏នឹងផ្តល់ប្រាក់ ៥លានដុល្លារ ក្នុងចំណាប់ខ្មាំងម្នាក់ៗ។ នេះគ្រាន់តែជាម្រើស ប៉ុន្តែយើងនឹងនៅតែត្រូវនាំពួកគេទាំងអស់មកវិញ»។
លោក Netanyahu បានលើកឡើងជាថ្មីម្តងទៀតថា យោធាអ៉ីស្រាអែល នឹងនៅតែបន្តសកម្មភាពរបស់ខ្លួន រហូតដល់សម្រេចគោលដៅលុបបំបាត់ក្រុមហាម៉ាស។ ជាយូមកហើយ ក្រុមហាម៉ាសបានចោទប្រកាន់ ក្រុមអ្នកចរចាអ៉ីស្រាអែល ថាមិនយកចិត្តទុកដាក់ក្នុងការឈានដល់កិច្ចព្រមព្រៀង ដើម្បីបិទបញ្ចប់សង្រ្គាមហ្កាហ្សា។
ការប្រកាសផ្តល់រង្វាន់របស់ លោក Netanyahu ធ្វើឡើងចំពេលដែលការតវ៉ាទ្រង់ទ្រាយធំក្នុងប្រទេសនៅតែបន្ត ដោយក្រុមគ្រួសារចំណាប់ខ្មាំង និងអ្នកគាំទ្រពួកគេ បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រី សម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមហាម៉ាស ដើម្បីឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ត្រូវបានដោះលែងមកវិញ៕