(បរទេស)៖ គណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់នៃប្រទេសសិង្ហបុរី (CCCS) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Foodpanda ត្រូវបានព្រមានចំពោះការផ្សាយពាណិជ្ជកម្មដែលបំភាន់ទៅដល់អតិថិជនដែលប្រើប្រាស់កញ្ចប់សេវាកម្ម Pandapro ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
គណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់នៃប្រទេសសិង្ហបុរី (CCCS) បានលើកឡើងថា Foodpanda បានធ្វើការផ្សព្វផ្សាយដោយសន្យាថា «ការដឹកជញ្ជូនឥតគិតថ្លៃដោយគ្មានដែនកំណត់គ្រប់ភោជនីដ្ឋានទាំងអស់»។ ដោយការផ្សាយពាណិជ្ជកម្មនេះបានបំភាន់ដល់អ្នកប្រើប្រាស់ដែលបានជាវនូវកញ្ចប់សេវាកម្ម Pandapro។ ផ្សព្វផ្សាយពាណិជ្ជកម្មនេះត្រូវបានធ្វើឡើងពេញបណ្ដាញសង្គម ក្នុងនោះមាន Instagram, នៅក្នុង App និងនៅតាមផ្ទាំងប៉ាណូ ព្រមទាំងតំបន់សាធារណៈ រួមនឹងចំណតរថយន្តក្រុងផងដែរ។
CCCS បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើករណីនេះចាប់តាំងពីខែសីហា បន្ទាប់ពីមានការតវ៉ាអំពីការផ្សាយពាណិជ្ជកម្ម ខណៈការផ្សាយពាណិជ្ជកម្មមួយនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា។
ការផ្សព្វផ្សាយពាណិជ្ជកម្មនេះគឺបានធ្វើឱ្យអ្នកប្រើប្រាស់គិតថា អតិថិជនដែលប្រើប្រាស់កញ្ចប់សេវាកម្ម Pandapro នឹងរីករាយជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃលើគ្រប់ភោជ្ជនីយដ្ឋានទាំងអស់ដែលមាននៅលើកម្មវិធី Foodpanda ប៉ុន្តែផ្ទុយពីនេះ CCCS បានរកឃើញថា ប្រមាណជា៤០ភាគរយនៃប្រតិបត្តិការដឹកជញ្ជូនអាហារដែលធ្វើឡើងដោយអតិថិជន Pandapro ត្រូវបានទាមទារថ្លៃដឹកជញ្ចូនដែលនៅសល់បន្ទាប់ពីការបញ្ចុះតម្លៃ។
ពាក់ព័ន្ធនឹងករណីនេះ ខាង Foodpanda បានទទួលស្គាល់ពីកង្វល់របស់ CCCS និងបានយល់ព្រម ផ្ដល់ការបង្វិលសងប្រាក់ពេញលេញដល់អតិថិជនដែលបានរងគ្រោះនៅក្នុងរឿងនេះ ព្រមទាំងផ្ដល់ការបំភ្លឺដល់អតិថិជនទាំងនោះ ក៏ដូចជាសាធារណជនអំពីលក្ខខណ្ឌនៃការប្រើប្រាស់កញ្ចប់សេវាកម្ម Pandapro។
CCCS បាន Foodpanda ត្រូវពិនិត្យមើលឡើងវិញនូវការផ្ដល់ជូនសម្រាប់កញ្ចប់ Pandapro ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ពាណិជ្ជកម្មដោយយុត្តិធម៌របស់ប្រទេសសិង្ហបុរី ហើយក៏បានព្រមានដល់ក្រុមហ៊ុន Delivery Hero ដែលជាមេធំរបស់ Foodpanda ថា CCCS នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការកាន់តែខ្លាំងប្រឆាំងនឹង Foodpanda ប្រសិនបើចូលរួមក្នុងការផ្សាយពាណិជ្ជកម្មដែលបំភាន់ដល់អតិថិជនក្នុងទម្រង់ណាមួយ៕