(ប្រាស៊ីលីយ៉ា)៖ ប៉ូលិសប្រេស៊ីល កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា បានចាប់ខ្លួនមនុស្ស៥នាក់ ក្នុងនោះមានម្នាក់ជាសមាជិកក្នុងជួរគណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតី លោក Jair Bolsonaro ក្រោមបទសង្ស័យថាបានចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ និងសម្លាប់លោក Luiz Inacio Lula da Silva កាលពីឆ្នាំ២០២២ ប៉ុន្មានថ្ងៃមុននឹងរូបលោក ស្បថចូលកាន់តំណែងជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមប៉ូលិសប្រេស៊ីល មនុស្សទាំង៥ខាងលើ ក៏ជាប់សង្ស័យក្នុងផែនការសម្លាប់អនុប្រធានាធិបតីរបស់លោក Lula គឺលោក Geraldo Alckmin និងចៅក្រមតុលាការកំពូល លោក Alexandre de Moraes ផងដែរ។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំង៥នាក់នេះទៀតសោត មាន៤នាក់ជាសមាជិកកងកម្លាំងយោធាពិសេស ក្នុងនោះមាន ម្នាក់ជាឧត្តមសេនីយត្រីចូលនិវត្តន៍នោះគឺលោក Mario Fernandes ធ្លាប់បម្រើការក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Bolsonaro ដោយកាន់តំណែងជាអនុរដ្ឋមន្ត្រី ព្រមទាំង ប៉ូលិសសហព័ន្ធម្នាក់។
គួរបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺជាករណីលើកដំបូងបំផុតត្រូវបានប៉ូលិសប្រេស៊ីលអះអាងថាមានជាប់ពាក់ព័ន្ធនឹងផែនការសម្លាប់លោក Lula និងលោក Alckmin ហើយធ្វើរដ្ឋប្រហារដើម្បីរារាំងកុំឱ្យលោក Lula ត្រឡប់មកកាន់អំណាចជាថ្មីកាលពីឆ្នាំ២០២២៕