(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក បៃដិន បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកាថាលោក បៃដិនបានប្រកាសពីការផ្ដល់ជំនួយខាងលើដែលមានរយៈពេល៣ឆ្នាំ អំឡុងសម័យប្រជុំបិទទ្វារមួយ របស់ក្រុមប្រទេស G20 ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ បើតាមមន្ត្រីរូបនេះ ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងដឹកនាំកិច្ចចរចានានានៅឯធនាគារពិភពលោក ក្នុងការបំពេញមូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា IDA។

គួរបញ្ជាក់ថា ការសន្យាផ្ដល់ជំនួយថ្មីរបស់សហរដ្ឋអាមេរិក គឺមានទំហំលើសពីជំនួយកន្លងមកដែលមានទំហំ ៣.៥ពាន់លានដុល្លារ សម្រាប់មូលនិធិ IDA កាលពីខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែគេមិន ទាន់ដឹងច្បាស់ថាតើប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងបន្តអនុវត្តតាមសន្យាដែរឬក៏យ៉ាងណានោះទេ ខណៈលោកធ្លាប់បានប្រកាសពីបំណងកាត់បន្ថយការផ្ដល់ជំនួយទៅក្រៅប្រទេស របស់សហរដ្ឋអាមេរិក៕