(ASUNCION)៖ ប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Santiago Pena ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល។ នេះបើតាមការិយាល័យរបស់លោក Pena ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យប្រធានាធិបតីប៉ារ៉ាហ្កាយ បានឱ្យដឹងទៀតថាលោក Pena កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Samaritano ក្នុងទីក្រុង Rio de Janeiro ដោយសារ មានបញ្ហាសុខភាពបន្តិចបន្តួច។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម អនុប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Pedro Alliana បាននិយាយថារូបលោកក៏បាននិយាយទូរស័ព្ទជាមួយលោក Pena ផងដែរ។ បើតាមលោក Alliana លោក Pena ឥលូវ មិនមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរ នោះទេ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្ដសុខភាព។ រីឯមន្ទីរពេទ្យវិញ មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយចំពោះការសាកសួរពី Reuters។
លោក Santiago Pena មានអាយុ៤៦ឆ្នាំ គឺជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប ហើយលោកបានឡើងកាន់តំណែងជាប្រធានាធិបតីប៉ារ៉ាហ្កាយ កាលពីខែសីហា ឆ្នាំមុន៕