(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក New York Times និង Washington Post កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា បានរាយការណ៍ថារដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែលនេះជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយរបស់អាមេរិក​ ចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។

ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ New York Times បានបញ្ជាក់ទៀតថាអ៊ុយក្រែនមានផែនការដឹកនាំការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន នៅប៉ុន្មាន ថ្ងៃខាងមុខនេះ ហើយអាវុធដែលនឹងត្រូវប្រើក្នុងការវាយប្រហារ នោះគឺមីស៊ីល ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិកដែលអាចបាញ់បានក្នុងចម្ងាយ ៣០៦គីឡូម៉ែត្រ។ ការវាយប្រហារនេះទៀតសោត អាចនឹង ធ្វើឡើងដោយកំណត់គោលដៅលើកងទ័ពកូរ៉េខាងជើង និងរុស្ស៉ី នៅក្នុងតំបន់ Kursk​ របស់រុស្ស៉ី។ អ៊ុយក្រែនបានព្យាយាមបញ្ចុះបញ្ចូលឱ្យរដ្ឋបាលលោក បៃដិន អនុញ្ញាតឱ្យខ្លួនវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដោយប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិករាប់ខែមកហើយ។ ប៉ុន្តែ ខាងសេតវិមានតែងតែបដិសេធជារឿយៗដោយសំអាងថាការបដិសេធរបស់ខ្លួនជាផ្នែកមួយនៃគោលនយោបាយរបស់លោក បៃដិន ដែលចង់បញ្ចៀសកុំឱ្យសង្រ្គាមលោកលើកទី៣ ផ្ទុះឡើង។

ដូច្នេះតើមានមូលហេតុអ្វីធ្វើឱ្យលោក បៃដិន ផ្លាស់ប្ដូរចិត្ត ហើយថាតើវាយឺតពេលហើយមែនដែរឬទេ?

* ហេតុអ្វីលោក បៃដិន ទើបតែសម្រេចចិត្តបើកភ្លើងបៃតងនៅពេលនេះ?
ភ្លាមៗខាងសេតវិមានមិនបានទទួលស្គាល់ ឬក៏ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ តែក្រុមមន្ត្រីអាមេរិកបានប្រាប់ New York Times និង Washington Post ថាការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលផ្ដល់ដោយ សហរដ្ឋអាមេរិកវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី គឺជាការពិត។ លោក ហ្សេលេនស្គីវិញ ក៏មិនបានបញ្ជាកឱ្យច្បាស់នោះដែរ ដោយគ្រាន់តែនិយាយថាទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់ដោយខ្លួនឯង។ លោក George Barros ជាអ្នកវិភាគម្នាក់ស្ដីពីរុស្ស៉ី និងអ៊ុយក្រែន មកពីវិទ្យាសា្ថនសិក្សាពីសង្រ្គាម (Institute for the Study of War) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថាការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅកាន់សមរភូមិមុខ នៅក្នុងតំបន់ Kursk ដើម្បីជួយកងទ័ពរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែន គឺជាហេតុផលមួយ នៅពីក្រោយការផ្លាស់ប្ដូរចិត្តរបស់លោក ចូ​ បៃដិន។ បើតាមក្រុមមន្ត្រីលោកខាងលិច វត្តមាន កងទ័ពកូរ៉េខាងជើងមានន័យស្មើនឹងការពង្រីកសង្រ្គាមកាន់តែធំ និងបង្ហាញថាការចូលរួមពីសត្រូវមួយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនប្រែក្លាយទៅជាសង្រ្គាមសកល មួយបន្តិចម្ដងៗ ដែលអាមេរិកខ្លួនឯងមិនអាចចាញ់ ឬក៏បណ្ដោយឱ្យអ៊ុយក្រែនចាញ់ដាច់ខាត។ ដូច្នេះហើយនៅក្នុងភ្នែករបស់លោក បៃដិន ការបង្កើនជម្លោះនៅក្នុងសង្រ្គាមអ៊ុយក្រែន គឺតម្រូវឱ្យអាមេរិកឆ្លើយតបវិញ ដោយការបង្កើនជម្លោះ។

លោក George Barros បានបន្ថែមថាលោក ដូណាល់ ត្រាំ ក៏ជាហេតុផលមួយនៃផ្លាស់ប្ដូរចិត្តរបស់លោក បៃដិនផងដែរ។ «ខ្ញុំគិតថាលោក បៃដិន និងក្រុមមន្ត្រីទីប្រឹក្សារបស់លោកកំពុងព្យាយាមធ្វើអ្វីដែលពួកគេ អាចធ្វើបាន ទាន់នៅមានអំណាច ពោលគឺមុនប្រគល់អំណាចទៅឱ្យលោក ដូណាល់ ត្រាំ នៅខែមករាខាងមុខ»។ នេះជាការបញ្ជាក់របស់លោក Barros ដោយបន្ថែមថាគោលនយោបាយរបស់លោក បៃដិន ចំពោះ សង្រ្គាមអ៊ុយក្រែន គឺជាផ្នែកមួយនៃមរកតនយោបាយដែលលោក បៃដិនចង់បន្សល់ទុក ហើយមរកតនេះដែរជាកត្តាមួយជំរុញឱ្យលោក បៃដិន ផ្លាស់ប្ដូរចិត្ត។

លោក ត្រាំ កន្លងមកបានសន្យាថានឹងប្រើពេលតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយលោកតែងតែរិះគន់ជារឿយៗចំពោះទំហំកញ្ចប់ជំនួយយោធាដែលរដ្ឋបាលលោក បៃដិនផ្ដល់ឱ្យអ៊ុយក្រែន។ តាមក្រសួងការបរទេសអាមេរិក រដ្ឋបាល លោក បៃដិន បានផ្ដល់ជំនួយយោធា ៦៤.១ពាន់លានដុល្លារហើយដល់ទីក្រុងកៀវ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ម្លោះហើយការសម្រេចចិត្ត អនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលអាមេរិកវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ក៏អាចជាចេតនាមួយរបស់លោក ចូ បៃដិន ដែលចង់បង្កើនការចូលរួមកាន់តែជ្រៅរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមអ៊ុយក្រែន ទុកសម្រាប់ឱ្យលោក ត្រាំ ដោះស្រាយបន្តនូវសង្រ្គាមមួយដែលសហរដ្ឋអាមេរិកបានភ្នាល់កាន់តែធំ និងកាន់តែមិនអាចចាញ់។

* ​តើអ៊ុយក្រែនអាចនឹងប្រើមីស៊ីលអាមេរិកដូចម្ដេច?
កងទ័ពរុស្ស៉ីត្រូវបានរាយការណ៍ថាកំពុងត្រៀមលក្ខណៈបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំមួយដោយប្រើប្រាស់ទ័ពជាង ៥០ ០០០នាក់ ក្នុងនោះរួមមានទាំងកងទ័ពកូរ៉េខាងជើង ដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែន ដែលបានដណ្ដើមកាន់កាប់ទឹកដីរុស្ស៉ីមួយចំនួនចាប់តាំងពីខែសីហាមក នៅក្នុងតំបន់ Kursk។ អ៊ុយក្រែនអាចនឹងប្រើប្រាស់មីស៊ីល ATACMS វាយប្រហារលើកងទ័ពរុស្ស៉ី និងកូរ៉េខាងជើង បរិក្ខារយោធាសំខាន់របស់រុស្ស៉ី ឃ្លាំងស្ដុកគ្រាប់ និងបណ្ដាញផ្គត់ផ្គង់សម្រាប់កងទ័ពដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ ការវាយប្រហាររបៀបនេះបើទទួលបានជោគជ័យ គឺអាចឱ្យអ៊ុយក្រែនរារាំងប្រតិបត្តិការវាយបករបស់រុស្ស៉ី និងកងទ័ពកូរ៉េខាងជើង ប្រកបដោយប្រសិទ្ធភាព។ កាលពីឆ្នាំ២០២៣ លោក បៃដិន បានយល់ព្រមផ្ដល់មីស៊ីល ATACMS រាប់រយគ្រាប់ឱ្យអ៊ុយក្រែន សម្រាប់ការប្រើប្រាស់ដើម្បីវាយប្រហារលើកងទ័ពរុស្ស៉ីដែលកំពុងកាន់កាប់ទឹកដីអ៊ុយក្រែន ក្នុងនោះរួមមានទាំងតំបន់គ្រីមៀផងដែរ។ ដូច្នេះគេមិនទាន់ដឹងច្បាស់ថាតើអ៊ុយក្រែននៅសល់មីស៊ីលប្រភេទនេះប៉ុន្មានគ្រាប់ទៀត នៅក្នុងស្ដុករបស់ខ្លួន ដើម្បីប្រើនៅក្នុងសមរភូមិ Kursk នោះទេ។

ម្យ៉ាងវិញទៀត បើតាមក្រុមមន្ត្រីអាមេរិក រុស្ស៉ីបានដកយន្ដហោះចម្បាំង និងអាវុធមួយចំនួនរបស់ខ្លួន ចេញពីតំបន់ដែលស្ថិតនៅរយៈចម្ងាយបាញ់របស់មីស៊ីល ATACMS ហើយណាមួយអ៊ុយក្រែនក៏មិនមែនអាចបាញ់ មីស៊ីលនេះបាញ់តាមចិត្តនោះដែរ។ ពោលគឺវានៅតែមានការរឹតត្បិតដដែល ដោយទាំងគោលដៅ និងរយៈចម្ងាយបាញ់សុទ្ធតែត្រូវបានកំណត់ដោយ ឬមានការយល់ព្រមពីសហរដ្ឋអាមេរិក សិនដែរ។ នេះបានន័យថា ទោះជាអ៊ុយក្រែនអាចប្រើ ATACMS ក៏ដោយ ក៏វាមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិត្រឹមពេលតែមួយយប់បាននោះដែរ៕