(វ៉ារស្សាវ៉ា)៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅថ្ងៃចន្ទនេះ បានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយអាមេរិក ដើម្បីវាយប្រហារទៅក្នុងទឹកដីរុស្ស៊ី ដោយលោកចាត់ទុកថា នេះជាការសម្រេចចិត្តដ៏សំខាន់មួយដែលអាចផ្លាស់ប្តូរស្ថានការណ៍នៃសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Duda បានលើកឡើងដូច្នេះថា «ការសម្រេចចិត្តរបស់អាមេរិកក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធ វាយប្រហារទៅក្នុងទឹកដីរុស្ស៊ី គឺជាការសម្រេចចិត្តដ៏សំខាន់និងចាំបាច់»។ លោកបន្តថា ការសម្រេចចិត្តនេះនឹងធ្វើឱ្យរុស្ស៊ីយល់ពីការគាំទ្រដ៏រឹងមាំរបស់លោកខាងលិចចំពោះអ៊ុយក្រែន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជួយអ៊ុយក្រែន។
ក្នុងពេលជាមួយគ្នានេះ លោក Duda ក៏បានរិះគន់អាល្លឺម៉ង់ចំពោះការមិនគាំទ្រការសម្រេចចិត្តនេះ និងចំពោះការស្វែងរកកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ លោកថែមទាំងបានរិះគន់ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ចំពោះការទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុនផងដែរ។
«អាល្លឺម៉ង់អាចកំពុងស្វែងរកឱកាស...ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយចំនួនជាមួយរុស្ស៊ី ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងថាមពល និងដើម្បីអាចទិញធនធានថាមពលពីប្រទេសរុស្ស៊ីម្តងទៀត...រុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនយ៉ាងព្រៃផ្សៃ ហើយមេដឹកនាំនៃពិភពសេរី...កំពុងពិភាក្សាជាមួយអ្នកឈ្លានពាន។ ខ្ញុំជឿយ៉ាងមុតមាំថាវាជា កំហុសលើមុខមាត់នយោបាយអន្តរជាតិ»។ នេះជាសម្រង់សម្តីរបស់លោក Duda ដែលបានរិះគន់ អធិការបតីអាល្លឺម៉ង់។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក៏បានរិះគន់លោក Scholz ផងដែរ ដោយនិយាយថា «គ្មាននរណាម្នាក់នឹងបញ្ឈប់លោក Putin ដោយការហៅទូរស័ព្ទនោះទេ»។
គួរបញ្ជាក់ថា ការរិះគន់ទាំងនេះបានបង្ហាញពីភាពខ្វែងគំនិត រវាងប្រទេសលោកខាងលិច ចំពោះវិធីសាស្រ្តក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន-រុស្ស៊ី។ ប៉ូឡូញដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ុយក្រែន និងបានអំពាវនាវឱ្យលោកខាងលិចបង្កើនការគាំទ្រ និងដាក់សម្ពាធបន្ថែមទៀតទៅលើរុស្ស៊ី៕