(ដាក្កា)៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា មេដឹកនាំស្តីទីនៅបង់ក្លាដែស លោក Muhammad Yunus បានលើកឡើងថា មនុស្សសរុបប្រហែល១៥០០នាក់ បានបាត់បង់ជីវិត អំឡុងការធ្វើបាតុកម្មហិង្សាយ៉ាងកក្រើក ដែលបានទម្លាក់នាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ចេញពីអំណាច ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តួលេខថ្មីខាងលើ គឺខ្ពស់ជាងតួលេខផ្លូវការកន្លងមក ដែលមានចំនួនអ្នកស្លាប់ប្រមាណ១០០០នាក់។ បាតុកម្ម ដែលបានចាប់ផ្តើម កាលពីខែកក្កដា ក្នុងទម្រង់ជាចលនាដឹកនាំដោយក្រុមនិស្សិត ប្រឆាំងនឹងប្រព័ន្ធកំណត់កូតាការងាររដ្ឋ បានរីករាលដាលប្រែទៅជា ភាពវឹកវរដ៏ប្រល័យបំផុតមួយ គិតចាប់តាំងពីបង់ក្លាដែស ទទួលបានឯករាជ្យនៅឆ្នាំ១៩៧១មក ហើយបានបង្ខំឱ្យលោកស្រី Hasina ត្រូវចុះចេញពីតំណែង និងរត់ភៀសខ្លួន ទៅកាន់ប្រទេសឥណ្ឌា កាលពីខែសីហា។
លោក Yunus ដែលកំពុងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយលោកស្រី Hasina ធ្លាក់ពីអំណាច បាននិយាយថា ផែនការសម្រាប់ការបោះឆ្នោតសកលថ្មី នឹងត្រូវបង្ហាញជាសាធារណៈ នៅពេលដែលការធ្វើកំណែទម្រង់ការបោះឆ្នោត ចប់រួចរាល់។ ជាមួយគ្នានេះ លោក Yunus បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញារបស់រដ្ឋាភិបាលលោក ចំពោះការទាមទារធ្វើបត្យាប័នលោកស្រី Hasina ពីឥណ្ឌាមកវិញ។
គួរបញ្ជាក់ថា មុនត្រូវបានទម្លាក់ចេញពីអំណាច លោកស្រី Sheikh Hasina អាយុ៧៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស ចាប់តាំងពីឆ្នាំ២០០៩មក៕