(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានចាត់ទុកការលើកឡើងរបស់ គណៈកម្មាធិការពិសេសនៃអង្គការសហប្រជាជាតិ (UN special committee) ដែលថាសង្គ្រាមអ៉ីស្រាអែលនៅតំបន់ហ្កាហ្សា អាចចាត់ចូលជាអំពើប្រល័យពូជសាសន៍នោះ គឺជាការប្រឌិតដើម្បីចោទប្រកាន់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

គណៈកម្មាធិការពិសេស បានលើកឡើងថា ការឡោមព័ទ្ធតំបន់ហ្កាហ្សា ការរារាំងជំនួយមនុស្សធម៌ ការវាយប្រហារសម្លាប់ជនស៊ីវិល រួមទាំងបុគ្គលិកផ្តល់ជំនួយ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពី UN ដីកាបង្គាប់ពីតុលាការយុត្តិធម៌អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ បង្ហាញថាអ៉ីស្រាអែលមានចេតនា ធ្វើឱ្យមនុស្សស្លាប់ អត់អាហារ និងរបួសធ្ងន់ធ្ងរ។

ក្រសួងការបរទេសអ៉ីស្រាអែល បានច្រានចោលការចោទប្រកាន់នេះ ដោយ​ពិពណ៌នាសកម្មភាពរបស់ខ្លួន​ថា ផ្តោត​តែលើការកម្ចាត់ក្រុមហាម៉ាសប៉ុណ្ណោះ។ អ្នកនាំពាក្យលោក Oren Marmorstein គូសបញ្ជាក់ថា «របាយការណ៍នោះ ជាឧទាហរណ៍ដ៏គួរឱ្យរន្ធត់ បង្ហាញថា UN ប្រែទៅជាស្ថាប័នមួយ ដែលត្រូវបានប្រើប្រាស់ជាកូនអុក ពីសំណាក់ពួកភេរវករដែលបានវាយប្រហារជនស៉ីវិល ក្នុងប្រទេសអធិបតេយ្យមួយ»

គួរបញ្ជាក់ថា គណៈកម្មាធិការពិសេស UN បង្កើតឡើងក្នុងឆ្នាំ ១៩៦៨​ និងមានភារកិច្ចស៉ើបអង្កេតការអនុវត្តន៍របស់អ៉ីស្រាអែល នៅដែនដីប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារ និងកាន់កាប់ទីតាំងមួយចំនួន នៃតំបន់ West Bank និងហ្កាហ្សា ប្រហែលមួយឆ្នាំមកនេះ។ របាយការណ៍នេះ នឹងត្រូវយកទៅបង្ហាញដល់អង្គមហាសន្និបាត UN ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃចន្ទនេះ៕