(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែ​ន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១៧​ ខែវិច្ឆិកា បាននិយាយថាទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់រឿងគ្រប់យ៉ាង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន បានបើកភ្លើងបៃតងឱ្យទីក្រុងកៀវ ប្រើប្រាស់មីស៊ីលផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែលនេះជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក​ ចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។

ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះដែរ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ មានសេចក្ដីរាយការណ៍ជាច្រើននិយាយថាយើងទទួលបានការអនុញ្ញាតដើម្បីចាត់វិធានការ យ៉ាងសមស្របមួយ។ ប៉ុន្តែ ការវាយប្រហារមិនមែននិយាយតែមាត់នោះទេ...ដូច្នេះទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់ដោយខ្លួនឯងចុះ»

គួរបញ្ជាក់ថា បើតាមប្រភពដែលបានប្រាប់ Reuters អ៊ុយក្រែនមានផែនការដឹកនាំការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយអាវុធដែលនឹងត្រូវប្រើ ក្នុងការវាយប្រហារ នោះគឺមីស៊ីល ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិកដែលអាចបាញ់បានក្នុងចម្ងាយ ៣០៦គីឡូម៉ែត្រ៕