(ប៊ុយណូស៊ែ)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា បានបង្ហាញថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនចង់បានសន្តិភាពនោះទេ ហើយក៏មិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចចរចានោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈរូបលោកត្រៀមចាកចេញពីអាហ្សង់ទីន ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីល លោក ម៉ាក្រុង បានសង្កត់ធ្ងន់ដែរថា អាទិភាពរបស់បារាំង នោះគឺបំពាក់អាវុធ គាំទ្រ និងជួយដល់ការតស៊ូរបស់អ៊ុយក្រែន។ នៅពេលត្រូវបានសាកសួរពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ម៉ាក្រុងមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ដោយគ្រាន់តែបន្ថែមថាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនត្រូវតែរួបរួមសាមគ្គីគ្នាលើរបៀបវារៈមួយ នោះគឺដើម្បីសន្តិភាពពិតបា្រកដ ជាសន្តិភាពមួយដែលមិនមែនមានន័យថាអ៊ុយក្រែនត្រូវចុះចាញ់នោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតមួយមិនធ្លាប់មានលើអ៊ុយក្រែន ក្នុងពេលជា៣ខែមកនេះ ជាមួយ ការបាញ់មីស៊ីល១២០គ្រាប់ និងដ្រូន៩០គ្រឿង ដោយសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និងបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពល ខណៈរដូវរងាកាន់តែខិតជិត ចូលមកដល់៕